ព័ត៌មានជាតិ

មេបញ្ជាការកងពលតូចលេខ៩៩ ឲ្យទាហានទប់ស្កាត់ការ បង្កចលាចល ក្នុងសង្គមដឹកនាំដោយ សម រង្ស៊ី

ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងពល ដើម្បីទប់ស្កាត់ការបង្កចលាចល ក្នុងសង្គម ប្រឆាំងដាច់ខាតឧបាយកល និងសកម្មភាពពួកឧទ្ទាមក្រៅច្បាប់បន្តរក្សាសន្តិភាព និងកិច្ចអភិវឌ្ឍន៍ជាតិ ។

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានថ្លែងថា ចំពោះសភាពការណ៍ទូទៅនៅកម្ពុជាបច្ចុប្បន្ន នៅតែបន្តមានភាពអនុគ្រោះល្អដែលរាជរដ្ឋាភិបាលកំពុង អនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។ សភាពការណ៍សន្តិសុខ សុវត្ថិភាពសង្គម សណ្តាប់ធ្នាប់នៅតែរក្សាបានល្អចំពោះសេដ្ឋកិច្ចសង្គម បានបន្តអភិវឌ្ឍន៍រីកចំរើន ឥតឈប់ឈរប្រកបដោយចីរភាពធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ នូវជីវភាពប្រជាជនទាំងខាងសម្ភារៈ និងស្មារតី។

លោកថា រាជរដ្ឋាភិបាលកម្ពុជា បានពង្រឹងឆន្ទៈខ្ពស់ស្មារតីប្រកបដោយការទទួលខុសត្រូវ ជាមួយជំនឿយ៉ាងមុតមាំគឺកម្ពុជានឹងជម្នះបញ្ហាប្រឈម និងឧបសគ្គទាំងឡាយលើមាគ៌ាទៅកាន់វឌ្ឍនភាព និងវិបុលភាព។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី ប៉ិច សាខន បានលើកឡើងអំពីសភាពការណ៍មួយចំនួនដែលក្រុមប្រឆាំងតែងតែញ៉ុះញង់ អុចអាល មួលបង្កាច់ និងវាយប្រហារមកលើរាជរដ្ឋាភិបាលជាបន្តបន្ទាប់ដូចជា ជុំវិញការឃោសនាដែលថា សម រង្ស៉ី វិលចូលប្រទេសកម្ពុជាវិញនៅឆ្នាំ២០១៩ ដោយមានសមាជិកសភាសហភាពអឺរ៉ុប មួយចំនួនមានបំណងអមដំណើរ។

លោកបន្តថា ក្នុងនោះមានបញ្ហា EBA ដែលពួកប្រឆាំងបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ពិសេសសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់សម្ពាធកាន់តែខ្លាំងមកលើកម្ពុជា។ ជុំវិញការចុះផ្សាយព័ត៌មានប្រឌិតដោយកាសែតបរទេសមួយចំនួនថា កម្ពុជាបានចុះកិច្ចព្រមព្រៀងសម្ងាត់ ដើម្បីអនុញ្ញាតឲ្យកងទ័ពចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកកម្ពុជា។ ជុំវិញបញ្ហាដែល អាមេរិកអនុម័តសេចក្តីព្រាង “ច្បាប់ប្រជាធិបតេយ្យកម្ពុជា ២០១៩” ។ ជាពិសេសបញ្ហាដែលស្ថានទូត អាមេរិកប្រចាំកម្ពុជា បានផ្សព្វផ្សាយនូវបទអត្ថាធិប្បាយមួយដ៏ខុសឆ្គងដោយបានវាយប្រហារលើភាពត្រឹមត្រូវ នៃការបោះឆ្នោតទូទៅនៅកម្ពុជាកាលពីឆ្នាំ២០១៨ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top