ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងតាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី១ខែ វិច្ឆិកានេះថា ការនាំចេញផ្លែចេកកម្ពុជា ក្នុងរយៈពេល៩ខែនាឆ្នាំ២០១៩នេះ មានចំនួនសរុបជាង១១,០៥ម៉ឺនតោន ក្នុងនោះទីផ្សារ ដែលនាំចេញដ៏សំខាន់ជាងគេនោះ គឺប្រទេសចិន។
អ្នកទទួលខុសត្រូវក្នុងក្រុមហ៊ុន Longmate ដែលទទួលបានការអនុញ្ញាត នាំផ្លែចេកចេញទៅប្រទេសចិនដំបូងគេ មានប្រសាសន៍ថា ដោយទទួលបានអត្ថប្រយោជន៍ នៃសក្តានុពលទីផ្សារដ៏ធំ របស់ប្រទេសចិន ការនាំចេញផ្លែចេកនៃកម្ពុជា នឹងមានការកើនឡើង កាន់តែខ្ពស់សង្ឃឹមថា អាចក្លាយជាផលិតផលដ៏ចាំបាច់ ក្នុងការនាំចេញនៃប្រទេសកម្ពុជា នឹងអាចបង្កើតបានប្រាក់ចំណូលខ្ពស់ ជាងផលិតផលអង្ករផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុនមួយនេះ កំពុងមានគម្រោងពង្រីកផ្ទៃដី ដាំដុះដំណាំចេកកាន់តែធំ ដើម្បីសម្រេចទទួលបានការនាំចេញផ្លែចេក ទៅកាន់ប្រទេសចិនចំនួន ២,២ម៉ឺនតោន ក្នុងឆ្នាំ២០១៩នេះ និងសម្រេចបាន៣,៣ម៉ឺនតោន នាឆ្នាំ២០២០ខាងមុខនេះ។
ក្នុងរយៈពេលថ្មីៗកន្លងមកនេះ ចិនបានអនុញ្ញាតសហគ្រាសថ្មីចំនួន៤ ក្នុងការនាំចេញផ្លែចេក ទៅកាន់ប្រទេសចិន ហើយបច្ចុប្បន្ននេះ សហគ្រាសដែលនាំចេញផ្លែចេក ទៅកាន់ប្រទេសចិន មានចំនួន៩ក្រុមហ៊ុន។ ក្រៅពីនេះ ក្រុមហ៊ុន Beijing Capital Agribusiness Group(CAG) ក៏បានប្រកាសថា នឹងវិនិយោគតម្លៃជាង ៣០លានដុល្លារអាមេរិក ដើម្បីធ្វើការបង្កើតចម្ការ ដាំដុះដំណាំចេកក្នុងប្រទេសកម្ពុជា លើផ្ទៃដីជាង១៥០០ហិកតា៕