ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង ជំរុញដល់សិស្សានុសិស្ស ខិតខំរៀនសូត្រ និងចៀសឲ្យឆ្ងាយ ពីគ្រឿងញៀន

ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០១៩-២០២០ នៅវិទ្យាល័យស្វាយរៀង បានថ្លែងជំរុញ ដល់សិស្សានុសិស្សខិតខំរៀនសូត្រ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីក្លាយខ្លួន ទៅជាទំពាំងស្នងឫស្សី ដ៏រឹងមាំសម្រាប់ប្រទេសជាតិ និងជាមូលធនមនុស្ស ប្រកបដោយគុណភាព មានសក្ដានុពលសម្រាប់ ការអភិវឌ្ឍសង្គមជាតិ ឲ្យមានការរីកចម្រើន ។

ការថ្លែងជំរុញ របស់លោកអភិបាលខេត្តបែបនេះ នៅព្រឹកថ្ងៃទី១ខែវិច្ឆិការឆ្នាំ២០១៩ ដែលមានសិស្សានុសិស្ស នៅតាមសាលានានាក្នុងក្រុងស្វាយរៀង និងគរុសិស្ស ចូលរួមសរុបប្រមាណចំនួន4300នាក់ និងលោកគ្រូ អ្នកគ្រូ២៣០នាក់ ។

លោកម៉ែន វិបុល បន្ទាប់ពីអានសារលិខិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោកអភិបាលខេត្ត បានមានថ្លែងផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង ពីសំណាក់លោកគ្រូ អ្នកគ្រូ ប្រព្រឹត្តខ្លួនឲ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ ។

លោកថា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ ត្រូវមានការប្រុងប្រយ័ត្ន និងចេះយោគយល់អធ្យាស្រ័យគ្នានៅពេលបើកបរ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដ៏ទៃ ដោយឡែក រដ្ឋបាលខេត្ត នៅតែត្រៀមម៉ូតូសម្រាប់ផ្ដល់ជារង្វាន់ ដល់សិស្សក្នុងឆ្នាំសិក្សាថ្មី ដែលទទួលបាននិទ្ទេស A នាសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិស្សា ២០១៩-២០២០ ខាងមុខ ។

ចុងបញ្ចប់នៃកម្មវិធី លោកអភិបាលខេត្តបានផ្តល់កិត្តិយល ចែកនូវរង្វាន់នឹងប័ណ្ណសសើរជូនដល់សិស្សពូកែ និងដាំដើមឈើនៅក្នុងបរិវេណនៃវិទ្យាល័យស្វាយរៀងផងដែរ៕

To Top