ព័ត៌មានជាតិ

ប្រុងប្រយ័ត្ន ! ស្រ្តីម្នាក់ស្លាប់ ក្រោយពីស្តាប់កាស ក្នុងពេលកំពុង បញ្ចូលថ្មទូរស័ព្ទ

ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលជាកម្មការិនី រោងចក្រ បានស្លាប់ ក្រោយពីបានស្តាប់កាស ក្នុងពេលកំពុងបញ្ចូលថ្មទូរស័ព្ទ កាលពីរាត្រីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅផ្ទះជួលលេខ៣២ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

យោងតាមហ្វេសប៊ុក របស់ស្នងការខេត្តកណ្តាលបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អាន សុខណា ភេទស្រីអាយុ៣៣ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ជនជាតិខ្មែរទីកន្លែងកំណើត ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងរួមមាន ៖ ដុំសាកទូរសព្ទ័ម៉ាក Samsung ពណ៌ស ចំនួន១ , ខ្សែកាស ម៉ាក Samsung ពណ៌ស ចំនួន១ , ទូរសព្ទ័ម៉ាក Samsung LT ពណ៌ខ្មៅ ចំនួន១គ្រឿង ។

តាមការបំភ្លឺរបស់ឈ្មោះសុខ ផាន្នី ភេទស្រី អាយុ៣៤ឆ្នាំ ដែលធ្វើការជាមួយជនរងគ្រោះ បានឲ្យដឹងថានៅថ្ងៃព្រឹកថ្ងៃ១ វិច្ឆិកា ឈ្មោះ អាន សុខណា ជាជនរងគ្រោះ មិនឃើញមកធ្វើការដូចសព្វដង ក៏បានតេទៅជាងម៉ូតូឈ្មោះ ឡៅ កុសល ភេទប្រុស នៅជិតឲ្យជួយមើលបន្ទប់ជួលជនរងគ្រោះ ពេលទៅដល់ឃើញបិទទ្វារបង្អួច ចាក់គន្លឹះខាងក្នុង ហើយគោះទ្វារអត់មានអ្នកបើក ។ រួចក៏តេទៅអ្នកធ្វើការនៅរោងចក្រឲ្យជួយមើល ពេលមកដល់នាំគ្នាទាញបង្អួច ហើយលូកដៃបើកគន្លឹះបង្អួច ស្រាប់ឃើញជនរងគ្រោះដេកក៏ដាស់មិនក្រោក ។

ពេលនោះ ជនរងគ្រោះមានសភាពរឹងដៃ រឹងជើង និងឃើញមានកាសជាប់ត្រចៀក ឯទូរសព្ទ័មានសាកថ្មជាប់ព្រីភ្លើង ក៏នាំគ្នាបិទឌីសង់ទ័រភ្លើង ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ បន្ទាប់មក បានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។

សមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគឃើញថា សាកសព មានសភាពធម្មតា ធ្មេញខាំអណ្តាតប្រឹង ហើយពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ទេ ។

បើតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារ ឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យស្លាប់ ៕

To Top