ព័ត៌មានជាតិ

គណៈប្រតិភូជាន់ខ្ពស់ កងទ័ពជើងគោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀតណាម

ភ្នំពេញ៖ កាលពីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម និងបន្ទាប់ពីកិច្ចប្រជុំ ប្តូរវេនប្រចាំឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការការពារព្រំដែនឆ្នាំ២០១៩-២០២០ ជាមួយនឹងបញ្ជាការដ្ឋាន កងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក ឧត្តមសេនីយ៍ឯកបម្រុង ឡេ ជៀម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម  ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀតណាមអំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំសហប្រតិបត្តិការប្រចាំឆ្នាំលើការងារគ្រប់គ្រង និងការការពារព្រំដែនរវាងកងទ័ពនៃប្រទេសទាំងពីរនិងបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងក្រសួងការពារប្រទេសវៀតណាម ចំពោះការជំរុញ គាំទ្រទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អនេះ និងបានស្នើឱ្យមាន គាំទ្របន្ថែមទៀត លើវិស័យហ្វឹកហ្វឺនបណ្តុះបណ្តាល ធនធានមនុស្ស។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯកបម្រុង ឡេ ជៀម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិល្អ រវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសរវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម និងបានបញ្ជាក់អំពីការបន្តជួយ លើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបន្តជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ ក្នុងវិស័យការពារជាតិ រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងថែមទៀត៕

To Top