ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ តបទៅទូតអាមេរិក ករណីអតីតអ្នកព័ត៌មាន វិទ្យុអាស៊ីសេរី២រូប

ភ្នំពេញ៖លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឆ្លើយតបទៅស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ក្នុងករណីកាត់ទោសទៅលើ អតីតបុគ្គលិកវិទ្យុអាស៊ីសេរី២នាក់។

ទូតអាមេរិកលើកឡើងថា ថ្ងៃ១៤ វិច្ឆិកា គឺជាថ្ងៃខួបលើកទី ២ នៃការចាប់ខ្លួនអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ី សេរីចំនួន ២ រូប គឺលោក អួន ឈិន និងលោក យាង សុធារិន នៅកម្ពុជា។ ការចាប់ខ្លួន ការឃុំខ្លួនដ៏យូរ និងដំណើរការ កាត់ក្តីដែលអូសបន្លាយវែង នៃអ្នកសារព័ត៌ទាំងពីររូបនេះ ដែលកំពុងបំពេញការងាររបស់គេ បំផ្លាញសេរីភាព សារព័ត៌មាន ហើយធ្វើមិនឲ្យអ្នកដទៃទៀត ចង់ធ្វើការងារដ៏សំខាន់ ផ្នែកសារព័ត៌មាន។

ទូតថា ការទម្លាក់ចោលការចោទប្រកាន់ ទៅលើអ្នកសារព័ត៌មានទាំង ២ រូបនេះ ហើយផ្តល់ឲ្យពួកគេវិញ នូវសិទ្ធិនិងសេរីភាពពេញលេញរបស់ គេនឹងកែតម្រូវឡើងវិញ នូវអំពើអយុត្តិធម៌ គោរពតាមរដ្ឋធម្មនុញ្ញកម្ពុជា ហើយជាសញ្ញានៃការប្តេជ្ញាចិត្តចាំបាច់ចំពោះតួនាទីដ៏មានសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ ក្នុងប្រទេសប្រជាធិបតេយ្យ។

លោក គឹម សន្តិភាពបានលើកឡើងក្នុងហ្វេសប៊ុកថា “ការទម្លាក់ ឬមិនទម្លាក់ចោលការចោទប្រកាន់ជាឆន្ទានុសិទ្ធិ របស់តុលាការ ដោយផ្អែកតាមលទ្ធផលនៃ ការស៊ើបសួរ លើអង្គហេតុ និងភស្តុតាងស្របតាម ស្មារតីនៃច្បាប់កម្ពុជា”។

លោកថា ហេតុនេះ ភាគីពាក់ព័ន្ធនៃសំណុំរឿងត្រូវ ប្រើប្រាស់សិទ្ធិការពារខ្លួនដែលមានចែងក្នុងច្បាប់ ដើម្បីជាប្រយោជន៍របស់ខ្លួន ដោយបង្ហាញភាពស្អាតស្អំរបស់ខ្លួននៅចំពោះមុខតុលាការ៕

To Top