ព័ត៌មានជាតិ

រោងចក្រកែច្នៃជ័រកៅស៊ូ របស់លោកឧកញ៉ា ទ្រី ភាព នៅខេត្តព្រះវិហារ ត្រូវបានសម្ពោធ ដាក់ឲ្យដំណើរការសាកល្បង

ភ្នំពេញ ៖ រោងចក្រកែច្នៃជ័រកៅស៊ូ ទ្រី ភាព អ៊ីមផត អិចផត ស្ថិតនៅឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ
ត្រូវបានសម្ពោធ ដាក់ឲ្យដំណើរការ សាកល្បងក្រោមអធិបតីភាព លោកឧកញ៉ា ទ្រី ភាព និងលោកស្រីឧកញ៉ា គៀន ស្រីនាង នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
យោងតាមគេហទំព័រហ្វេសប៊ុក របស់TRY PHEAP GROUP CO.,LTDបានឲ្យដឹងថា ទន្ទឹមនឹងការដាំដុះដើមកៅស៊ូ និងប្រមូលផលជ័រកៅស៊ូ ក្រុមហ៊ុនបាន សាងសង់រោងចក្រកែច្នៃជ័រ កៅស៊ូមួយ នៅទីតាំងខាងលើ ។

រោងចក្រនេះ មានសមត្ថភាពផលិតជ័រកៅស៊ូក្រែប បានចំនួន ៣,៥តោន ក្នុងមួយម៉ោង។ ក្រៅពីប្រើប្រាស់ជ័រកៅស៊ូពីចំការរបស់ខ្លួន ក្រុមហ៊ុននឹងប្រមូលទិញជ័រកៅស៊ូពីប្រជាពលរដ្ឋ ក៏ដូចជាពីបណ្តាក្រុមហ៊ុនផ្សេងៗទូទាំងប្រទេសកម្ពុជា ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិចផត បានទទួលការអនុញ្ញាតវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា លើគម្រោងវិនិយោគដំាដំណាំកសិ-ឧស្សាហកម្ម និងសាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ លើផ្ទៃដីចំនួន៤.៨០០ហិកតា រួមជាមួយផ្ទៃដីកម្មសិទ្ធិឯកជន របស់ក្រុមហ៊ុនចំនួន ១.៦០០ហិកតាទៀត សរុបទាំងអស់ចំនួន ៦.៤០០ហិកតា រហូតដល់ បច្ចុប្បន្ន ក្រុមហ៊ុនបានធ្វើការដាំដុះដើមកៅស៊ូរួចរាល់ចំនួន ៥.៤០០ហិកតា និងបានបង្កើតការងារជូនប្រជាពលរដ្ឋ បានប្រមាណ ១.០០០នាក់៕

To Top