ព័ត៌មានជាតិ

កម្ពុជា-GMAC-ILO រួមគ្នាបន្តគម្រោងរោងចក្រ កាន់តែប្រសើរ រយៈពេល៣ឆ្នាំទៀត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា(GMAC) និងអង្គការអន្តរជាតិ ខាងការងារ(ILO) បានចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា “ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២០-២០២២” នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលគ្របដណ្តប់ លើវិស័យកាត់ដេរ សម្លៀកបំពាក់ និងវាយនភ័ណ្ឌ សម្ភារៈ និងកាបូបធ្វើដំណើរ។

នេះជាអនុស្សរណៈលើកទី៦ហើយ ក្នុងការបន្តទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងកិច្ចសហការកាន់តែប្រសើរ ដើម្បីឲ្យស្របទៅនឹងការវិវត្ត នៃស្ថានការបច្ចុប្បន្ន និងទៅអនាគត ។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ក្នុងនាមរាជរដ្ឋាភិបាលបានចាត់ទុកគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ក្នុងការចូលរួមចំណែកធានាសិទ្ធិការងារ និងលក្ខខណ្ឌការងារល្អប្រសើរ សម្រាប់កម្មករ និងផ្អែកលើភាពជោគជ័យការអនុវត្តគម្រោងនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការអនុវត្តគម្រោង រោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២០-២០២២ ។

លោកថា ការសម្រេចនេះ ដើម្បីឆ្លើយតបទៅនឹងផែនការ សហប្រតិបត្តិការ និងសមាហរណកម្ម របស់គម្រោងរោងចក្រកាន់តែប្រសើរ ជាមួយក្រសួងការងារដែលឆ្លុះបញ្ចំាងពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុងបេសកកម្មលើកកម្ពស់ “លក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ និងសម្លៀកបំពាក់នៅកម្ពុជា សមស្របតាមបទដ្ឋានការងារស្នូល ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងស្របតាមច្បាប់ ស្តីពីការងារកម្ពុជា”។

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាឲ្យដឹងថា “សមាគមរោងចក្រកាត់ដេរ នឹងបន្តធ្វើការជាមួយររោងចក្រកាន់តែប្រសើរនៅកម្ពុជា និងរាជរដ្ឋាភិបាលដើម្បីរក្សាការផលិត សុវត្ថិភាពការងារ និងការងារប្រកបដោយចីរភាព សម្រាប់ជាកម្លាំងពលកម្មរបស់កម្ពុជារបស់យើង” ។

ចំណែកលោក Grame Buckley នាយកការិយាល័យអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃបានកត់សម្គាល់ថា ធ្វើការងារជាមួយរាជរដ្ឋាភិបាល និងសមាគមរោងចក្រកាត់ដេរ នឹងរួមគ្នាលើកកម្ពស់ការងារសមរម្យសម្រាប់កម្មកររាប់រយរាប់ពាន់នាក់ ជាពិសេសស្ត្រី ហើយក៏ជួយពួកគេអភិវឌ្ឍន៍ជំនាញថ្មីៗ អាជីវកម្ម ដើម្បីទទួលប្រាក់ចំណេញកាន់តែច្រើនជាងមុន និងក្រុមគ្រួសារឲ្យចាកផុតពីភាពក្រីក្រ ៕ ដោយ ស សំណាង

To Top