ព័ត៌មានជាតិ

មជ្ឈមណ្ឌល ជុសជុលនាឡិកា នឹងអាចនាំយុវជនខ្មែរ ទៅបម្រើការ ក្នុងក្រុមហ៊ុននាឡិកាធំៗ លើពិភពលោក

ភ្នំពេញ ៖ មជ្ឈមណ្ឌល បណ្ដុះបណ្ដាល ធនធានមនុស្ស និងជួសជុសនាឡិកានៅកម្ពុជា នឹងបណ្ដុះបណ្ដាលយុវជនខ្មែរ ឲ្យរៀនជំនាញបច្ចេកវិជ្ជា ដើម្បីទៅប្រកួតប្រជែង ទីផ្សារការងារ ហើយថ្ងៃអនាគត យុវជនខ្មែរ អាចនឹងទៅបម្រើការងារ ក្នុងក្រុមហ៊ុនផលិតនាឡិកាល្បីៗ របស់ពិភពលោក។

ក្នុងពិធីដាក់សម្ពោធមជ្ឈ មណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឯក ប៊ុនថា អគ្គនាយក នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា នាពេលកន្លងមក ក្រុមហ៊ុន ព្រីនស៍ រៀលអឺស្តេត (ខេមបូឌា) គ្រុប បានធ្វើជំនួយសប្បុរធម៌ជាច្រើន នៅតាមវិស័យសំខាន់ៗ ក្នុងនោះ ជួយកុមារបាត់បង់ការសិក្សា ជនពិការ ចាស់ជរា និងអភិវឌ្ឍន៍ខេត្ត-ក្រុង។

លោកមានប្រសាសន៍ថា “ខ្ញុំពិតជាមានមោទកភាព ជាពិសេសដែលកម្ពុជា មានមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធាន មនុស្សលើជំនាញផលិត និងជួសជុលនាឡិកា ដែលមានគុណភាពខ្ពស់ ជាប្រយោជន៍ក្នុង ការបណ្តុះបណ្តាលយុវជនកម្ពុជា ឲ្យបានរៀនជំនាញ ប្រកបដោយបច្ចេកវិជ្ជាខ្ពស់ ដើម្បីឈានទៅប្រកួតប្រជែងទីផ្សារការងារ ជាពិសេស ទៅថ្ងៃអនាគតយុវជនកម្ពុជា នឹងអាចមានវត្តមានបម្រើការងារ នៅក្នុងក្រុមហ៊ុនផលិតនាឡិកាល្បីៗ របស់ពិភពលោក” ។

លោកបន្ដថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជួសជុលនាឡិកា នឹងលើកកម្ពស់កម្ពុជា ក្នុងកម្រិតមួយផ្សេងទៀត លើបច្ចេកវិទ្យាមេកានិចដ៏តូចល្អិត ហើយមានគុណភាព និងតម្លៃដែលជាការផ្តល់សិទ្ធិពីក្រមហ៊ុននាឡិកាប្រទេសស្វីស ។

លោកសង្ឃឹមថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជួសជុលនាឡិកា នឹងឈានទៅកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន និងបង្កើតជាប្រវត្តិសាស្ត្រថ្មី ស្រឡាងមួយនៅកម្ពុជា ដើម្បីផ្សព្វផ្សាយទៅពិភពលោក ។ លោកថា វប្បធម៌ នៃការផលិតពេលវេលា កំពុងតែកើតមានឡើងនៅកម្ពុជា ដែលមនុស្សលើពិភពលោក តែងតែដាក់ជាប់នឹងខ្លួន ដើម្បីបង្ហាញពិភពស៊ីវិល័យ និងធ្វើការទំនាក់ទំនងរវាងគ្នា ៕

To Top