ព័ត៌មានជាតិ

EU ជំរុញឲ្យអ្នកវិនិយោអឺរ៉ុប មកបណ្តាក់ទុន នៅកម្ពុជា បន្ថែមទៀត

ភ្នំពេញ ៖ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសន្យាថា នឹងជួយជំរុញអ្នកវិនិយោគ អឺរ៉ុបបន្ថែមទៀត មករកស៊ីនៅកម្ពុជា ខណៈទូត EU អះអាងថា កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស គួរឲ្យកត់សម្គាល់ ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកស្រី Carmen Moreno មានប្រសាសន៍ថា “សន្យាជួយជំរុញឲ្យវិនិយោគិន អឺរ៉ុបបន្ថែមទៀត មកវិនិយោគនៅប្រទេសកម្ពុជា”។

លោកស្រីក៏បានកោតសរសើរ ចំពោះព្រឹទ្ធសភាក្នុងការនាំមុខ ចុះមូលដ្ឋាន ដើម្បីផ្សព្វផ្សាយច្បាប់ពន្យល់ ពលរដ្ឋឲ្យមានជំនឿជឿជាក់លើការអភិវឌ្ឍ និងគោលនយោបាយថ្នាក់ជាតិ ។

ចំណែក សម្តេច សាយ ឈុំ ស្នើទូត EU ជួយចលនា និងលើកទឹកចិត្តអ្នកវិនិយោគ និងអ្នកទេសចរណ៍សហភាពអឺរ៉ុប មកបណ្តាក់ទុន និងធ្វើទេសចរណ៍ឲ្យកាន់តែច្រើនបន្ថែមទៀត។ សម្តេចថា កម្ពុជាបាននិងកំពុងខិតខំកែសម្រួល និងកាត់បន្ថយនីតិវិធីផ្ទៃក្នុងរបស់ខ្លួន ដើម្បីសម្រួលដល់អ្នកវិនិយោគ ឲ្យមានភាពងាយស្រួល។

ទន្ទឹមនេះ កម្ពុជាក៏មានតំបន់រមណីយដ្ឋានវប្បធម៌ និងតំបន់អេកូទេសចរណ៍ជាច្រើនកន្លែង សម្រាប់ទាក់ទាញភ្ញៀវ ទេសចរណ៍ផងដែរ៕ ដោយ ៖ អេង ប៊ូឆេង

To Top