ព័ត៌មានជាតិ

នគរបាលព្រហ្មទណ្ឌក្រសួង ឃាត់ខ្លួនជនជាតិចិន៥នាក់ និងរំដោះជនរងគ្រោះ២នាក់ ករណីចាប់ជំរិតទារប្រាក់ ទៅលើជនជាតិចិនដូចគ្នា

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការ បំបែកសំណុំរឿងជនជាតិចិន ចាប់ជំរិតទារប្រាក់ ចំនួន១០ម៉ឺនដុល្លារ ទៅលើជនជាតិចិនដូចគ្នា ឈានដល់ចាប់ខ្លួនជនសង្ស័យ ជាជនជាតិចិន៥នាក់ និងរំដោះជនរងគ្រោះបាន២នាក់ ក្នុងសណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងពីបុរសជនជាតិចិនម្នាក់ អាយុ៤៩ឆ្នាំ រាយការណ៍ថា មានករណីបង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់បង្កឡើង ដោយជនសង្ស័យជាជនជាតិចិន ចំនួន០៥នាក់ លើជនរងគ្រោះជាជនជាតិចិនចំនួន០២នាក់ ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ខេង ម៉េងឈាង បានបើកការស្រាវជ្រាវ រហូតកំណត់បានទីតាំងលាក់ទុកជនរងគ្រោះ នៅបន្ទប់លេខ៣០៣ សណ្ឋាគារអ៊ឹមភឺរៀល ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ហើយកម្លាំងសមត្ថកិច្ចជំនាញបានឈានដល់ការ ឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ (ប្រុស)។ ក្នុងនោះកម្លាំងជំនាញ ក៏រំដោះបានជនរងគ្រោះចំនួន០២នាក់ ព្រមទាំងសម្ភារៈដកហូតមួយចំនួន។

បន្ទាប់ពីបញ្ចប់ការសួរនាំ និងកសាងសំណុំរឿងចប់សព្វគ្រប់ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យជនជាតិចិនទាំង៥នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

To Top