ព័ត៌មានជាតិ

តួកគីផ្អាក មិនចូលរួមផែនការ យោធាណាតូ ជុំវិញរឿងជម្លោះ នៅស៊ីរី

បរទេស ៖ ប្រភពសម្ពន្ធមិត្តជាន់ខ្ពស់ចំនួន៤ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសតួកគី កំពុងតែបដិសេធមិនគាំទ្រ ផែនការការពាររបស់ណាតូ សម្រាប់ក្រុមប្រទេស នៅសមុទ្របាល់ទិកនិងប៉ូឡូញ ដរាបណាអង្គការសម្ពន្ធមិត្តនេះ មិនផ្តល់ឲ្យទីក្រុងអង់ការ៉ា នូវការគាំទ្រផ្នែកនយោបាយបន្ថែមទៀត សម្រាប់ការប្រយុទ្ធប្រឆាំង ពួកឃឺដ YPG នៅក្នុងប្រទេសស៊ីរី ភាគឦសានទេនោះ ។

ទីក្រុងអង់ការ៉ា បាននិយាយប្រាប់ប្រេសិត ប្រចាំនៅណាតូរបស់ខ្លួន មិនឲ្យចុះហត្ថលេខាលើផែនការនើ និងកំពុងតែប្រកាន់យកនូវគោលជំហរ កាន់តែតឹងរឹងខ្លាំងឡើង នៅក្នុងកិច្ចប្រជុំនានា និងនៅក្នុងកិច្ចសន្ទនាបែបឯកជន ដោយទាមទារឲ្យអង្គការណាតូ ទទួលស្គាល់ពួកឃឺដ YPG ថាជាក្រុមភេរវករជាផ្លូវការ។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Nasdaq ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា នៅពេលភ្លាមៗនេះ គណៈប្រតិភូប្រចាំអង្គការណាតូ របស់ប្រទេសតួកគី នៅមិនទាន់ធ្វើការឆ្លើយ តបណាមួយនោះទេ ចំណែកក្រសួងការពារជាតិ និងក្រសួងការបរទេសតួកគី ក៏មិនធ្វើការឆ្លើយតបសំណើសុំការ អត្ថាធិប្បាយអំពីរឿងនេះផងដែរ ៕

ប្រែសម្រួល៖ប៉ាង កុង

To Top