ព័ត៌មានជាតិ

វិស័យភាព យន្តកំពុងជួបបញ្ហាមួយ ចំនួនទាមទារ ឲ្យស្ថាប័នពាក់ព័ន្ធដោះស្រាយ

ភ្នំពេញ ៖ លោក ប៉ាន់ រិទ្ធិ ផលិតករភាពយន្ដ និងជាស្ថាបនិកមជ្ឈមណ្ឌលធនធាន សោតទស្សន៍បុប្ផាណា បានឲ្យដឹងថា វិស័យភាពយន្ត កំពុងប្រឈមនឹងបញ្ហាធំៗមួយចំនួន ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ ដោះស្រាយរួមគ្នា ពិសេសក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹង និងលើកកម្ពស់ភាពយន្តជាតិ ឲ្យមានការវិវត្តទៅមុខ។

ក្នុងសិក្ខាសាលា ស្ដីពី អនាគតនៃឧស្សាហកម្មភាពយន្ដកម្ពុជា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ប៉ាន់ រិទ្ធិ បានថ្លែងថា មហោស្រពភាពយន្ត លើក៦ ឆ្នាំ២០១៩ មិនគ្រាន់តែជាវេទិកាប្រកួតប្រជែងយកពានរង្វាន់ នោះទេ។ ប៉ុន្តែជាទីកន្លែងជួបជុំសិក្សាស្វែងយល់ វាស់ស្ទង់សមត្ថភាព និងការចែករំលែកបទពិសោធន៍ទៅវិញ ទៅមក។

លោកមានប្រសាសន៍ថា “ទន្ទឹមនឹងវឌ្ឍនភាពនេះ ក្នុងបរិបទនៃសម័យឧស្សាហកម្មជំនាន់ទី៤ វិស័យភាពយន្ត ក៏មាន ប្រឈមនឹងបញ្ហាធំៗមួយចំនួន ដែលទាមទារឲ្យមានការ យកចិត្តទុកដាក់ ដោះស្រាយរួមគ្នា ពិសេសក្រសួងស្ថាប័នពាក់ព័ន្ធត្រូវពង្រឹង និងលើកកម្ពស់គុណភាព ភាពយន្តជាតិ ឲ្យមានការវិវត្តឈានឡើងប្រកបដោយនិរន្តរភាព សំដៅ រួមចំណែកលើកកម្ពស់ការផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ជាតិ ក្នុងបរិយាកាសនៃសង្គម សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ”។

លោកបញ្ជាក់ថា មហោស្រពភាពយន្តជាតិ ផ្តល់សារៈ ប្រយោជន៍កាន់តែច្រើនឡើង សម្រាប់ជាបទពិសោធន៍ សម្រាប់ផលិតករភាពយន្ត ពិសេសបានរួមចំណែក ថែរក្សាការពារវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់របស់ខ្មែរ។

សូមរំលឹកថា ក្នុងសិក្ខាសាលា ស្ដីពី អនាគតនៃឧស្សាហកម្មភាពយន្ដកម្ពុជា មានការចូលរួមដោយ លោក ប៉ាន់ រិទ្ធី ផលិតករភាពយន្ដ និងជាស្ថាបនិកមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ,លោក លៀក លីដា ផលិតករ និងជាអ្នកដឹកនាំរឿង ផលិតកម្ម LD Pichures ,លោក Michael Chai CEO ក្រុមហ៊ុនចែកចាយភាពយន្ដ Westec Media និងលោក លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈ ភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕

ដោយ ៖ អេង ប៊ូឆេង

To Top
×