នយោបាយ

ព្រាប កុល អះអាងថា បានជួបទូត EU ដើម្បីពិភាក្សា រកដំណោះស្រាយ នយោបាយ និងការផ្សះផ្សារជាតិ

ភ្នំពេញ ៖ នាយកប្រតិបត្តិអង្គការ តម្លាភាពកម្ពុជា លោក ព្រាប កុល បានអះអាងថា លោកបានជួបឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា លោកស្រី ខាមិន ម៉រីណូ (Carmen Moreno) នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោកថា “ក្នុងជំនួបនោះ ជជែកពិភាក្សាពីជម្រើស នៃដំណោះស្រាយបញ្ហានយោបាយ ដ៏ល្អបំផុតសម្រាប់កម្ពុជា តាមរយៈការផ្សះផ្សារជាតិ ដ៏ចាំបាច់ ដើម្បីធានាបាននូវផល ប្រយោជន៍យូរអង្វែង សម្រាប់ពលរដ្ឋកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់” ។ នេះបើតាមហ្វេសប៊ុករបស់លោក។

ប៉ុន្តែទោះបីជាយ៉ាងណា លោកមិនបានបញ្ជាក់ ឲ្យលំអិតនៃលទ្ធផលជំនួប ឲ្យបានស៊ីជម្រៅនោះទេ។

ការជួបគ្នារវាងលោក ព្រាប កុល និងលោកស្រី ខាមិន ម៉រីណូ ខណៈជិតដល់ឱសានវាទដែល EU បានកំណត់កំហិតមកកម្ពុជា។

គណៈកម្មការអឺរ៉ុបបានទុកពេលឲ្យកម្ពុជា១ខែ ដើម្បីបញ្ចេញប្រតិកម្មតប ក្រោយបញ្ចប់របាយការណ៍បឋម ស្តីពីការផ្អាក EBA បណ្តោះអាសន្ន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ នីតិវិធីនេះ ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា ស្របពេលសហភាពអឺរ៉ុប នៅតែប្តេជ្ញាធ្វើការជាមួយអាជ្ញាធរកម្ពុជា កែលម្អពិតប្រាកដ និងគួរឲ្យទុកចិត្តលើបញ្ហា ដែលត្រូវព្រួយបារម្ភ គឺការចាំបាច់ចៀសវាងការដក EBA ។

សូមបញ្ជាក់ថា កាលថ្ងៃទី១៣ វិច្ឆិកា លោក កឹម សុខាក៏បានលោកស្រី ខាមិន ម៉រីណូដែរ តែមិនបាននិយាយអ្វីទាក់ទងបញ្ហា EBA ឡើយ គឺនិយាយអ្វីដែលជាផល ប្រយោជន៍សម្រាប់កម្ពុជា ៕

To Top