ព័ត៌មានជាតិ

កម្ពុជាឈរលំដាប់លេខ២ នៅអាស៊ាន និងលេខ៣ លើពិភពលោក ក្នុងការបញ្ជូនកងទ័ពមួកខៀវ ជាស្រ្តីច្រើនជាង គេចូលរួមរក្សាសន្តិភាព

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងថា ប្រទេសកម្ពុជា ឈរនៅលំដាប់ថ្នាក់លេខ២ ក្នុងតំបន់អាស៊ាន និងលំដាប់លេខ៣លើពិភពលោកក្នុងចំណោមបណ្ដាប្រទេស ដែលបញ្ជូនកងទ័ពមួកខៀវជាស្ត្រីច្រើនជាងគេ ទៅចូលរួមបំពេញបេសកកម្ម ថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការ សហប្រជាជាតិ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) នៅថ្ងៃទី៣ វិច្ឆិកានេះ លោក កេត សោផាន់ អនុរដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ ទទួលបន្ទុកកិច្ចការអឺរ៉ុប និងយូណេស្កូ បានមានប្រសាសន៍ថា លោកឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា ជាមួយនិងបទពិសោធន៍ ដ៏សម្បូរបែបទាំងផ្នែកការទូត និងនយោបាយរួមទាំងការប្ដេជ្ញាចិត្តខ្ពស់ របស់លោកស្រីអគ្គលេខាធិការ អង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី ដើម្បីរៀបចំ ក៏ដូចជាពង្រឹងអង្គការហ្វ្រង់កូហ្វូនីនេះ នឹងទទួលបានជោគជ័យ ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ននេះ កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាង ៦០០០នាក់ ក្នុងនោះស្ត្រីជាង ៣០០នាក់ ទៅចូលរួមថែរក្សាសន្តិភាព ។ ជាមួយចំនួនស្ត្រីនេះ គឺកម្ពុជាឈរលំដាប់លេខ ២ នៅអាស៊ាន និងលេខ៣ ក្នុងកម្រិតពិភពលោក ដែលបញ្ជូនកងកម្លាំងជាស្ត្រី ទៅបំពេញបេសកកម្មរក្សាសន្តិភាព” ។

ជាការឆ្លើយតបលោកស្រីអគ្គលេខាធិការ បានសម្ដែងនូវការអបអរជូនដល់កម្ពុជា ដែលបានប្រែក្លាយពីប្រទេសមួយដែលធ្លាប់ទទួលកងទ័ពមួកខៀវ ពីអង្គការសហប្រជាជាតិ មកជាប្រទេសមួយ ដែលបញ្ជូនទ័ពទៅជួយក្នុងក្របខណ្ឌក្រោមឆ័ត្រអង្គការសហប្រជាជាតិឡើងវិញ។ លោកស្រី ក៏បានលើកទឹកចិត្តជាថ្មីម្ដងទៀតឲ្យកម្ពុជា ចូលរួមកាន់តែខ្លាំងឡើងថែមទៀត ក្នុងកិច្ចប្រតិបត្តិការថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

លោក កេត សោផាន់ គូសបញ្ជា់ថា កម្ពុជាក្នុងនាមជាស្ថាបនិកមួយនៃ ការបង្កើតអង្គការអន្តរជាតិនិយាយភាសាបារាំងនេះនឹងបន្តធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងក្របខ័ណ្ឌអង្គការនេះ ហើយកម្ពុជាក៏នឹងចូលរួមរៀបចំខួប ៥០ឆ្នាំ របស់អង្គការអន្តរជាតិនិយាយភាសាបារាំងនេះ។
លោកថា តាមគោលការណ៍ និងការរៀបចំឡើង របស់អង្គការនេះ នឹងអាចរៀបចំឲ្យនិស្សិតកម្ពុជា ដែលរៀនភាសាបារាំង នៅប្រទេសបារាំងរៀបចំ សកម្មភាពផ្សេងៗដើម្បីចូលរួមអបអរនៅក្នុងខួប ៥០ឆ្នាំនេះផងដែរ ។

លោកបន្ថែមថា អង្គការអន្តរជាតិនិយាយភាសាបារាំង ឬហៅថា អង្គការហ្វ្រង់កូហ្វូនី ត្រូវបានបង្កើតឡើងដំបូងគេ ដោយស្ថាបនិកសំខាន់ៗ ៤រូប គឺប្រមុខរដ្ឋាភិបាលប្រទេសសេនេហ្កាល់ ទុយនេស៊ី នីហ្ស៊េរីយ៉ា និងព្រះបរមរតនកោដ្ឋ ៕ ដោយ៖ ខា ដា

To Top