នយោបាយ

លោក សុខ ឥសាន ៖ មេសហជីព និងមេអង្គការខ្លះ កំពុងដុតកំហឹងកម្មករពីរឿង​ បាត់បង់ EBA

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានរិះគន់ចំៗ ទៅលើមេសហជីព និងមេអង្គការមួយចំនួន ដែលកំពុងបញ្ចេញ សកម្មភាព បញ្ឆេះកំហឹងក្រុមកម្មករ ចំពោះករណីបាត់បង់ប្រព័ន្ធ អនុគ្រោះពន្ធគ្រប់ប្រភេទ លើកលែងតែអាវុធ (EBA) ។

តាមរយៈបណ្តាញទំនាក់ទំនង សង្គមតេឡេក្រាម នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ លោក សុខ ឥសាន បានឲ្យដឹងថា EBA កំពុងត្រូវបានពួកប្រឆាំង យកមកធ្វើជាប្រធានបទ បង្ខំឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើតាមខ្លួន ប៉ុន្តែអត់ផ្លូវទេ អានាងអើយ ដេកចាំទៅ ។

លោកថា “ដូចគ្នានេះ ពួកសហជីពខ្លះ និងមេអង្គការដែលមាននិន្នការគាំទ្រ អតីតបក្សប្រឆាំងខ្លះកំពុងញុះញង់ ដុតកំហឹងកម្មករ និងប្រជាជនពីរឿង EBA” ។

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលគេដឹងថា ជាអ្នកគាំទ្រអតីតបក្សប្រឆាំង កាលពីថ្ងៃ៣ ធ្នូ បានចេញសេចក្តីថ្លែងការណ៍ មានកម្រាស់មួយទំព័របង្ហាញ ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះ EBA ព្រោះរាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានឆ្លើយតបទៅកាន់ សហភាពអឺរ៉ុប (EU) វិញនៅឡើយ ខណៈសល់មិនដល់១០ថ្ងៃទៀតទេ នឹងផុតកំណត់EUសម្រេចភ្ជួរជាបណ្តោះអាសន្ន EBA។

លោក រ៉ុង ឈុន បានលើកឡើង ក្នុងសេចក្តីថ្លែងការណ៍នោះថា រាជរដ្ឋាភិបាលកម្ពុជាមិនទាន់បានឆ្លើយតប និងមិនទាន់បានស្តារឡើងវិញនូវស្ថានភាពការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឲ្យ បានពេញលេញទៅតាមការលើកឡើង របស់សហភាពអឺរ៉ុប ។

ជាមួយគ្នានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ក៏បានបង្ហាញព្រួយបារម្ភជាខ្លាំង ចំពោះការវិវត្តនៃវិបត្តិនយោបាយ ដែលកាន់តែក្តៅទៅៗ សម្រាប់កម្ពុជា និងប្រជាជន ដែលពឹងផ្អែកលើវិស័យកាត់ដេរ សំលៀកបំពាក់ ស្បែកជើង និងកាបូប ដែលជាសរសៃឈាមទី២ បន្ទាប់ពីវិស័យទេសចរណ៍ ។

លោកថា ស្ថានភាពនយោបាយពិតជាពាក់ព័ន្ធវិស័យមួយនេះ ដែលអ្នកវិនិយោគទាំងចាស់និងថ្មី មានការព្រួយបារម្ភ ដែលអាចជះឥទ្ធិពលអាក្រក់ដល់វិស័យមួយនេះ បើស្ថានភាពនយោបាយ នៅតែតាន់តឹងខ្លាំងឡើងជាមួយការផ្សាភ្ជាប់របស់សហភាពអឺរ៉ុបលើបញ្ហាEBA ដែលក្រុមប្រឆាំងបាន និងកំពុងយកមកលេងសើច ៕

To Top