នយោបាយ

កូនស្រីច្បងអះអាងថា ឆ្នាំ២០២០ លោក កឹម សុខា នឹងផ្សះផ្សាជាតិ ទ្រង់ទ្រាយធំ ឈរលើមូលដ្ឋាន ប្រជាធិបតេយ្យ

ភ្នំពេញ ៖ កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា បានអះអាងថា នៅឆ្នាំ២០២០ ខាងមុខនេះ លោកនឹងជំរុញឲ្យមានការផ្សះផ្សាជាតិ ទ្រង់ទ្រាយធំ ដោយឈរលើមូលដ្ឋាន ប្រជាធិបតេយ្យ សេរីពហុបក្ស និងបំបាត់ការលាបពណ៌ផងដែរ ។

កញ្ញា កឹម មនោវិទ្យា បានសរសេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ថា កាលពីឆ្នាំ ២០១២ លោក កឹម សុខា បានជំរុញឲ្យបក្ស ប្រឆាំង ទម្លាក់អាវុធលាបពណ៌ដ៍ខ្មៅ និងច្រេះចាប់របស់គេ (បន្ទាប់ពីគេប្រើ វាយលោកជាង៥ឆ្នាំមក) មកព្រមរួបរួមជាមួយបក្ស ប្រឆាំងរបស់លោក ដែលបង្កើតបានជាបក្សប្រឆាំង រួមដ៍ធំមួយ។

កញ្ញាថា “សម្រាប់ឆ្នាំ២០២០តទៅមុខ លោកនឹងជំរុញឲ្យមានការផ្សះផ្សាជាតិ ទ្រង់ទ្រាយធំ ដោយយឈរលើមូលដ្ឋាន ប្រជាធិបតេយ្យសេរីពហុបក្ស បំបាត់ការលាបពណ៌ចាស់គំរឹល ទាំងអស់ បំបាត់ការចាប់ចងវាយប្រហារ ដែលនាំបញ្ហាវឹកវរដល់ជាតិ លើកកម្ពស់កិត្តិយសកម្ពុជា ទាំងអស់គ្នា លើឆាកអន្តរជាតិ ដើម្បីបន្ត និងពង្រីកទាញយកប្រយោជន៍ ពីប្រទេសជាមិត្ត ក្នុងការស្តារសង្គមជាតិ និងសេដ្ឋកិច្ចកម្ពុជា” ។

បន្ថែមពីលើនេះទៀត កញ្ញា កឹម មនោវិទ្យា លើកជាឧទាហរណ៍ថា មុននឹងបានរួមគ្នា កាលពីឆ្នាំ២០១២ លោក កឹម សុខា ប្រើពេលជាង៥ឆ្នាំ រងគ្រោះសព្វយ៉ាង ទាល់តែអាវុធបក្សប្រឆាំង ម្ខាងទៀតរិចជិតអស់ ទើបគេងាកមកចរចា។ ដូច្នេះការរួបរួមទ្រង់ទ្រាយធំ ឆ្នាំ២០២០ ខាងមុខ នឹងកាន់តែពិបាកទទួល បានជាងមុនទៀត ប៉ុន្តែជាជម្រើសល្អតែមួយគត់ ដែលត្រូវតែព្យាយាមជំរុញឲ្យបាន ៕
ដោយ អេង ប៊ូឆេង

To Top
×