ព័ត៌មានជាតិ

រដ្ឋមន្រ្ដីក្រសួង សាធារណការ ស្នើអាជ្ញាធររាជធានី បិទកន្លែងយានដ្ឋានជួសជុល កែច្នៃដំឡើងយានយន្ដ អត់ច្បាប់ ឱ្យអស់ត្រឹមឆ្នាំ២០១៩

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួង សាធារណការ និងដឹកជញ្ជូន បានស្នើឱ្យអាជ្ញាធររាជធានី ខេត្ដ សហការរួមគ្នា ជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ដ បិទកន្លែងយានដ្ឋានជួសជុល និង យានដ្ឋានកែច្នៃ ដំឡើងយានយន្ដ ខុសលក្ខណៈបច្ចេកទេស ដែលអត់មានច្បាប់ ឱ្យអស់នៅក្នុង ខែធ្នូ ឆ្នាំ២០១៩នេះ។ នេះបើយោងតាមAKP។

នៅក្នុងកិច្ចប្រជុំបូក សរុបលទ្ធ ផលការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោករយៈពេល១០ខែ ឆ្នាំ២០១៩ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ លោក ស៊ុនចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាអនុប្រធានអចិន្រ្ដៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា អាជ្ញាធរដែនដីតាមរាជធានី ខេត្ដនីមួយៗ ត្រូវចុះត្រួតពិនិត្យ និងលុបបំបាត់យាន ដ្ឋាន ជួសជុល និងយានដ្ឋានកែច្នៃយានយន្ដ ដែលមិនមានច្បាប់ត្រឹមត្រូវ ដែលកន្លែងទាំង អស់នេះ បើយានដ្ឋានជួសជុល និងកែច្នៃខុសលក្ខណៈបច្ចេកទេស នឹងបង្កគ្រោះថ្នាក់ និងផលប៉ះពាល់ សុវត្ថិភាពចរាចរណ៍ផងដែរ ។

លោកទេសរដ្ឋមន្រ្ដីបានបញ្ជាក់ថា រហូតមកដល់ពេលនេះ គួរតែគិតគូរបិទកន្លែងយានដ្ឋានជួសជុល និងកែច្នៃយានយន្ដឱ្យអស់តែម្ដងនៅក្នុងឆ្នាំនេះ ខណៈឆ្នាំ២០២០ នៅតែមានរបាយការណ៍ ឬរាយការណ៍មកថា នៅតែបន្ដមានយានដ្ឋាន ជួស ជុល ឬយានដ្ឋានកែច្នៃដំឡើងយានយន្ដអត់ច្បាប់កើតមានឡើងតែដដែលនោះ។ ជាមួយគ្នា នេះ ឯកឧត្ដមទេសរដ្ឋមន្រ្ដីក៏ចង់ឃើញ ថា ដល់ឆ្នាំ២០២០ គ្រប់យានដ្ឋានជួសជុល ឬយាន ដ្ឋាន កែច្នៃ ដំឡើងយានយន្ដទាំងអស់ គឺមាន ច្បាប់ត្រឹមត្រូវ។

លោករដ្ឋមន្រ្ដីក៏បានសំណូមពរ ដល់អាជ្ញាធររាជធានី ខេត្ដ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ដ ត្រូវរួមគ្នាដោះស្រាយឱ្យរួចរាល់ក្នុងខែធ្នូ ឆ្នាំ២០១៩នេះ ដើម្បីឱ្យបានរួចរាល់ចំពោះកន្លែងយានដ្ឋានជួសជុល និង យាន ដ្ឋានកែច្នៃដំឡើងយានយន្ដ ខុស លក្ខណៈបច្ចេកទេសដែលអត់មានច្បាប់នៅតាមមូលដ្ឋានរាជធានី ខេត្ដនីមួយៗ។

យោងតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា បច្ចុប្បន្ន យានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ដ សរុបចំនួន៣.៥៥៦ កន្លែង មានច្បាប់អនុញ្ញាតចំនួន២.៧៩៥ និងអត់ច្បាប់អនុញ្ញាតចំនួន៧៦១ ហើយ ក្នុងនោះ យានដ្ឋានជួសជុលមានចំនួន៣.២៨១ មានច្បាប់អនុញ្ញាតចំនួន២.៥៤១ និងអត់ច្បាប់អនុញ្ញាត ចំនួន៧៤០។ ចំពោះយានដ្ឋានកែច្នៃដំឡើងមានចំនួន២៧៥ មានច្បាប់អនុញ្ញាតចំនួន២៥៤ អត់ច្បាប់អនុញ្ញាតចំនួន២១៕

To Top