ព័ត៌មានជាតិ

ចោរមួយក្រុម ធ្វើសកម្មភាពស្ទាក់ប្លន់ ម៉ូតូកម្មការិនីរោងចក្រម្នាក់ យកទៅបាត់បានសម្រេច

ភ្នំពេញ ៖ ក្រុមចោរមួយក្រុម បានធ្វើសកម្មភាព ពួនស្ទាក់ប្លន់ម៉ូតូពីកម្មការិនីម្នាក់ បានសម្រេច កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវលំ កាត់វាលស្រែចំណុចដំរីកប់កូន ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធឹម ស្រីនិច ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅភូមិសន្លូង សង្កាត់កំបូល ក្បែរកន្លែងកើតហេតុ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-3242។

ជនរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ច ថា មុនកើតហេតុ ខ្លួនបានជិះម៉ូតូចេញពីផ្ទះ ទៅធ្វើការងារដូចសព្វមួយដង តាមផ្លូវលំខាងលើ ពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ចំនួន៥នាក់ ជិះម៉ូតូ២គ្រឿងមកដល់ ស្ទាក់ចាប់ឲ្យឈប់ ទាញច្រានផ្តួល ហើយប្លន់យកម៉ូតូទៅបាត់ តែម្តង ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះ បានត្រឹមអង្គុយយំសោកស្តាយ របស់ទ្រព្យខ្លួន បន្ទាប់មកគរបាលចុះទៅពិនិត្យ សាកសួរ ជាក់ស្តែង រួចនាំទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍កំបូល ដើម្បីបន្តស្រាវជ្រាវ បន្ត ៕

To Top