នយោបាយ

ប៉ាគីស្ថាន ចាត់ទុកកម្ពុជា ជាប្រទេសដ៏ស្រស់បំព្រង គួរឲ្យចង់រស់នៅ និងស្នាក់អាស្រ័យ

ភ្នំពេញ ៖ លោក Amjad ALi sher ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ឥស្លាម ប៉ាគីស្ថាន ចប់អាណត្តិប្រចាំកម្ពុជា បានលើកសរសើរពីថាកម្ពុជាថា ជាប្រទេសដ៏ស្រស់បំព្រង ដែលគួរឲ្យចង់រស់នៅ និងស្នាក់អាស្រ័យ ហើយជាពិសេសលោកសន្យា បន្តចូលរួមចំណែកបន្ថែមទៀត ក្នុងការបន្តជំរុញ ទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែរឹងមាំទ្វេឡើង ។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន ។

ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៤ ធ្នូនេះ លោកឯកអគ្គរដ្ឋទូតប៉ាគីស្ថាន បានលើកឡើងថា រយៈពេល៦ឆ្នាំកន្លះនៅកម្ពុជា លោកបានរួមចំណែកជាច្រើន ក្នុងការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ប៉ាគីស្ថាន ក្នុងការលើកស្ទួយ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគផងដែរ ពិសេសបានចូលរួម រៀបចំឲ្យមានការផ្លាស់ប្ដូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ។

ដោយសារតែរស់នៅកម្ពុជាប្រមាណជា៦ឆ្នាំមកនេះ ទើបឯកអគ្គរដ្ឋទូតបញ្ជាក់ថា «កម្ពុជាជាប្រទេសដ៏ស្រស់បំព្រង ដែលគួរឲ្យចង់រស់នៅនិងស្នាក់អាស្រ័យ ហើយខ្ញុំនឹងចងចាំនូវអ្វីដែលបានចូលរួមចំណែកជាមួយកម្ពុជា និងអ្វីដែលទទួលបានតាមរយៈបទពិសោធន៍ពីព្រះរាជាណាចក្រកម្ពុជា ហើយបន្តចូលរួមចំណែកបន្ថែមទៀត ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត” ។

ជាការឆ្លើយតប សម្ដេចតេជោថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនេះហើយជាមូលដ្ឋាន សម្រាប់ការពង្រឹងទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណលោក Amjad ALi sher ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្ត ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរ ៕ ដោយ៖ ខា ដា

To Top
×