ព័ត៌មានជាតិ

អ្នកជំនួញ មកពីខេត្តហាយណាន ចង់វិនិយោគដំណាំដូង និងបង្កើតសួនបច្ចេកវិទ្យាកសិកម្មនៅកម្ពុជា

ភ្នំពេញ ៖ បណ្ដាក្រុមហ៊ុនជាច្រើនមកពីខេត្តហាយណាន ប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍ និងឆន្ទៈវិនិយោគលើវិស័យ កសិកម្មនៅកម្ពុជា ។ លោក Wang Yeqiao នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Hainan State Farms Holding Group Co., Ltd បានឲ្យដឹងថា ក្រុមហ៊ុនមានឆន្ទៈបង្កើតសួនបច្ចេកវិទ្យាកសិកម្ម ដំណាំត្រូពិចកម្ពុជា-ចិន និងការវិនិយោគលើដំណាំដូងនៅកម្ពុជា ។ នេះបើយោងតាមហ្វេសប៊ុកក្រសួងកសិកម្ម។

ក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ លោក Wang Yeqiao ថ្លែងថា ចង់បង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្ម តំបន់ត្រូពិចកម្ពុជា-ចិន និងការសិក្សាពីសក្តានុពល លើដំណាំត្រូពិច ជាពិសេសដំណាំដូង ដើម្បីធ្វើការវិនិយោគជាលក្ខណៈឧស្សាហកម្ម។

លោក Wang Yeqiao បានបញ្ជាក់ប្រាប់រដ្ឋមន្ត្រីថា សួននេះ ប្រើជាប្រយោជន៍សម្រាប់ធ្វើកន្លែងដាំដុះ បង្ហាញសិក្សាស្រាវជ្រាវផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកវិទ្យាទំនើបទាន់សម័យលើការដាំដុះ ប្រមូលផល ផលិតពូជ វិធានការការពារជំងឺ សត្វល្អិត និងកែច្នៃដំណាំត្រូពិចដល់អ្នកផលិតក្នុងប្រទេស និងក្នុងតំបន់ជាលក្ខណៈអន្តរជាតិផងដែរ ។

លោកបញ្ជាក់យ៉ាងច្បាស់ថា ថៃបានធ្វើការនាំចេញផ្លែដូងទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិន រាប់រយលានដុល្លារក្នុងមួយឆ្នាំៗ ។ ដោយឡែកកម្ពុជា មានលក្ខណៈភូមិសាស្រ្តទឹកដី និងក្សេត្របរិស្ថាន មិនខុសពីថៃ ដូច្នេះបើគម្រោងនៃការបង្កើតសួននេះ ទទួលបានជោគជ័យ កម្ពុជាត្រូវបានគេទទួលស្គាល់លើឆាកអន្តរជាតិកាន់តែខ្លាំងឡើង ។

ភ្ជាប់ទៅនឹងផលិតកម្មផ្លែដូងនេះ លោក Wang Yeqiao ថា ដូងគឺមានសក្តានុពលនាំចេញទៅកាន់ទីផ្សារចិននាពេលអនាគត ។ កម្ពុជាមានផលិតផលនេះក្នុងដៃ គ្រាន់តែមិនទាន់បានឲ្យតម្លៃទៅលើការអនុវត្តបច្ចេកទេសដាំដុះ ប្រមូលផល វេចខ្ចប់ ចងក្រងកំលាំងផលិត និងនាំចេញ ហេតុផលនេះ ខេត្តហាយណាន ដែលជាខេត្តមានសក្តានុពលចង់រកដៃគូវិនិយោគដំណាំដូងនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារចិន។

ជាការឆ្លើយតប លោករដ្ឋមន្រ្តីស្វាគមន៍ចំពោះឆន្ទៈបង្កើតសួនបច្ចេកវិទ្យាកសិកម្មដំណាំត្រូពិចកម្ពុជា-ចិន និងការវិនិយោគលើដំណាំដូងនៅកម្ពុជា របស់ខេត្តហាយណាន ព្រោះស្របពេលក្រសួងបានដាក់ចេញគោលនយោបាយយកចិត្តទុកដាក់លើការងារស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មទាន់សម័យឲ្យដល់ដៃអ្នកផលិត ដើម្បីធានាបានបរិមាណ គុណភាព តម្លៃបន្ថែម ការកែច្នៃ ប្រកួតប្រជែង និងមានទីផ្សារនាំចេញ ។

ចំពោះដំណាំដូង លោករដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជាមានសក្តានុពលលើដំណាំនេះ ប្រសិនបើបញ្ចូលបច្ចេកទេសដាំដុះសមស្របមួយឲ្យអ្នកផលិត និងរៀបចំក្រុម ឬសហគមន៍ផលិត សង្ឃឹមថា ផលិតផលដូង នឹងមានតម្លៃបន្ថែមខ្ពស់ដោយសារមានតម្រូវការទីផ្សារ។ លោករដ្ឋមន្រ្តីថា ក្រសួងក៏ដូចជារាជរដ្ឋាភិបាលនឹងផ្តល់កិច្ចសហការពេញលេញដើម្បីជួយសម្រួលដល់ការវិនិយោគ ធ្វើយ៉ាងណាឲ្យគម្រោងកិច្ចសហប្រតិបត្តិការនេះ សម្រេចទទួលបានជោគជ័យ ៕ ដោយ បាន ធារ៉ូ

To Top