ព័ត៌មានជាតិ

រដ្ឋមន្រ្តីសាធារណការ កំពុងសិក្សាគម្រោង ២បន្ថែមនៅភ្នំពេញ ដោយប្រើថវិកា រាប់ពាន់លានដុល្លារ

ភ្នំពេញ ៖ លោក ស៊ុនចាន់ ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសិក្សា ទៅលើគម្រោងពីរបន្ថែមទៀត នៅរាជធានីភ្នំពេញ ដោយនឹងត្រូវចំណាយ ថវិការាប់ពាន់លានដុល្លារ ។

គម្រោងទាំងពីរនោះរួមមាន ៖ គម្រោងធ្វើផ្លូវរទេះភ្លើងក្រោមដី និងគម្រោងធ្វើតំបន់រាល ។

ក្រោយបញ្ចប់វេទិកាស្ដីពីការចល័ត នៅតំបន់ទីក្រុង នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា “យើងមិនទាន់កំណត់ជាថវិកាទេ យើងកំពុងតែសិក្សាគម្រោងពីរ គឺមួយរទេះភ្លើងក្រោមដី ។ មួយទៀតយើងឲ្យសិក្សាហៅតំបន់រាល ដោយសារ AGT របស់ជប៉ុននេះ បានសិក្សាចប់ហើយត្រូវប្រើថវិកាច្រើនណាស់ ។ ហ្នឹងរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ អីចឹងយើងកំពុងសិក្សាគម្រោង២ថែមទៀត ហើយយើងនឹងប្រៀបធៀបថា គម្រោងមួយណាល្អចំពោះប្រទេសជាតិយើង” ។

ផ្ទាំងពាណិជ្ជកម្ម

ពាក់ព័ន្ធចរាចរណ៍នេះដែរ លោកអះអាងថា កន្លងទៅអង្គការ JICA របស់ជប៉ុនក៏បានជួយសម្រួលដល់ការកាត់បន្ថយស្ទះចរាចរណ៍ផងដែរ ។ ក្នុងនោះ JICA បានដាក់ភ្លើងស្មាតត្រាហ្វ៊ិចឡាយ ដើម្បីបញ្ជាឲ្យភ្លើងស្តុបដឹងខ្លួនឯងថាមានការកកស្ទះនៅកន្លែងណា គឺភ្លើងស្មាតត្រាហ្វ៊ិចឡាយនោះ នឹងពន្យារយៈពេលឲ្យបានយូរបន្ថែមទៀត ។

រដ្ឋមន្រ្តីបញ្ជាក់ថា ស្របពេលជាមួយគ្នានោះ ដើម្បីសម្រួលការធ្វើដំណើរពលរដ្ឋ ក៏ដូចជាសម្រួលការកកស្ទះចរាចរណ៍ សាលារាជធានីភ្នំពេញ ក៏បានបង្កើនរថយន្តក្រុងបន្ថែមទៀត ខណៈកាលពីឆ្នាំ២០១៤ មានរថយន្តតែ៥៧គ្រឿង និងមាន៣ខ្សែប៉ុណ្ណោះ តែសព្វថ្ងៃមានរថយន្តក្រុង២៣៥គ្រឿង និងមានមនុស្សជិះ១៥០០០នាក់ក្នុងមួយថ្ងៃ ហើយមានរហូតដល់១៣ខ្សែឯណោះ ៕ ដោយ៖ធី លីថូ

To Top
×