នយោបាយ

លោក លឹម គានហោ បង្ហាញការរីកចម្រើន លើវិស័យធនធានទឹក នៅចំពោះមុខ ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានដឹកនាំគណៈប្រតិភូ ក្រសួងធនធានទឹក និងឧតុនិយម ចូលរួមធ្វើបទបង្ហាញ និងពិគ្រោះពិភាក្សា ផ្តល់ធាតុចូល ក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅទីស្តីការនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៩។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការ សម្របសម្រួលពីលោក ឯក សំអុល ប្រធានប្ដូរវេនរបស់ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ។ បន្ទាប់ពីលោករដ្ឋមន្រ្តី បានធ្វើបទបង្ហាញស្ដីពី ការវិវឌ្ឍរីកចម្រើន លើវិស័យធនធានទឹក និងឧតុនិយម ជូនដល់អង្គប្រជុំ ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ពិសេសក្រសួងធនធានទឹក ដែលបានធ្វើការអភិវឌ្ឍ ជាបន្តបន្ទាប់លើការងារស្រោចស្រព ដើម្បីដោះស្រាយទឹកប្រជាកសិករ ។

បន្ថែមលើសពីនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះរដ្ឋមន្ត្រី ដែលបានដឹកនាំក្រុមអ្នកបច្ចេកទេស របស់ក្រសួង ធ្វើការសិក្សាស្រាវជ្រាវ និងប្រមូលចងក្រងទិន្នន័យ ទុកជាឯកសារដ៏មានតម្លៃ សម្រាប់ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍ របស់អ្នកជំនាន់ក្រោយ ។

បន្ទាប់ពីបទបង្ហាញ ស្ដីពីសមិទ្ធផលការងារ និងការសិក្សាស្រាវជ្រាវ របស់លោករដ្ឋមន្ត្រីរួចមក សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកជាសំណួរ និងសំណូមពរមួយចំនួន ពិសេសពាក់ព័ន្ធលើការគ្រប់គ្រង ធនធានទឹក ការអភិរក្សបឹងបួរ ស្ទឹង ទន្លេ ព្រែក អូរ… ព្រមទាំងបានពាំនាំនូវសំណើ របស់ប្រជាពលរដ្ឋមួយចំនួន ដែលបានស្នើសុំសិទ្ធិកាន់កាប់ដីធ្លី នៅតំបន់អាងទឹកមួយចំនួន ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានទទួលយកនូវធាតុចូលនានា ដែលបានលើកឡើងដោយតំណាង គណបក្សក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីដាក់បញ្ចូល ទៅក្នុងផែនការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍរបស់ក្រសួង ។ ចំពោះសំណើសុំសិទ្ធិកាន់កាប់ដីធ្លី ដែលមានការជាប់ពាក់ព័ន្ធ នឹងអាងទឹកតូចមួយចំនួន លោក លឹម គានហោ នឹងលើកយកបញ្ហានេះ ទៅពិនិត្យ ពិភាក្សាជាមួយអភិបាលខេត្តដែលមានការពាក់ព័ន្ធ ។

ចំពោះបញ្ហាការយកប្រាក់ ពីប្រជាពលរដ្ឋ ដែលចូលទៅកម្សាន្ត តាមបណ្ដាប្រព័ន្ធធារាសាស្ត្រនានា រដ្ឋមន្ត្រីធនធានទឹក បានបញ្ជាក់ថា ក្រសួងពុំមានការពាក់ព័ន្ធ និងការតម្រូវឲ្យបង់ប្រាក់នេះទេ ហើយលោក នឹងលើកយកបញ្ហានេះ ទៅពិភាក្សាជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដី ដែលមានការពាក់ព័ន្ធ ៕

To Top