ព័ត៌មានជាតិ

ជប៉ុន ប្ដេជ្ញាទាក់ទាញ អ្នកវិនិយោគ មកកម្ពុជា បន្ថែមទៀត

ភ្នំពេញ ៖ លោក តាកាហាឈី ហ្វូមីអាគី ប្រតិភូនៃសមាគម ជប៉ុន-កម្ពុជា បានថ្លែងអះអាងថា នឹងបន្តផ្សព្វផ្សាយពីកម្ពុជា ទៅកាន់សមាជិកបន្ថែមទៀត ឲ្យយល់ដឹងរឹតតែច្បាស់ អំពីកម្ពុជា និងទាក់ទាញ សហគ្រាសធុនតូច និងមធ្យមជប៉ុន ដែលមានបច្ចេកវិទ្យាខ្ពស់ ដើម្បីមកវិនិយោគ នៅកម្ពុជាបន្ថែមទៀត ។

ក្នុងជំនួបជាមួយ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ លោក តាកាហាឈី ហ្វូមីអាគី បានថ្លែងថា ក្នុងដំណើរទស្សនកិច្ច លើកនេះ លោកបាននាំមកនូវក្រុមហ៊ុនជប៉ុន មួយចំនួន ដោយក្រុមហ៊ុនខ្លះ មានអាជីវកម្មស្រាប់ នៅក្នុងស្រុក ហើយខ្លះទៀត គឺក្រុមហ៊ុនថ្មី ។

លោកបន្តថា “សមាគមជប៉ុន-កម្ពុជា នឹងបន្តផ្សព្វផ្សាយពីកម្ពុជា ទៅកាន់សមាជិកបន្ថែមទៀត ឲ្យយល់រឹតតែច្បាស់អំពីកម្ពុជា និងទាក់ទាញ សហគ្រាសធុនតូច និងមធ្យមជប៉ុន ដែលមានបច្ចេកវិទ្យាខ្ពស់ ដើម្បីមកវិនិយោគ និងផ្ទេរចំណេះដឹងមកកម្ពុជា”។

លោកឲ្យដឹងទៀតថា ក្រុមហ៊ុនជប៉ុនមួយចំនួនបង្ហាញ គម្រោងការវិនិយោគនៅកម្ពុជា ដូចជា វិស័យថាមពល សូត្រមាស និងគ្រឿង សម្អាងធ្វើពីដង្កូវនាង និងហេដ្ឋារចនា សម្ព័ន្ធផ្លូវដែកផងដែរ ។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្ដិ បានរីករាយ ចំពោះការវិនិយោគ ដោយក្រុមហ៊ុនជប៉ុន ដែលជាវិនិយោគិន ឈានមុខគេមួយនៅកម្ពុជា ។

លោកថា ការវិនិយោគប្រកប ដោយគុណភាព របស់ជប៉ុនរួមមាន ៖ ផ្សារទំនើបអ៊ីអន ក្រុមហ៊ុនមីនីប៊ែរ-មីតស៊ូមី និងមន្ទីរពេទ្យសាន់រ៉ាយ ដែលបានរួមចំណែក ជាមួយនឹងក្រុមហ៊ុនជប៉ុន ជាច្រើនទៀត ក្នុងវិស័យដូចជា៖ ការផលិតគ្រឿងបង្គុំ អគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខារបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ និងធនាគារ ក្នុងការបង្កើតការងារថ្មីៗ បរិយាកាសការងារល្អ និងជំរុញការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងខ្សែចង្វាក់ តម្លៃតំបន់ និងពិភពលោក ៕ ដោយ៖ធី លីថូ

To Top