ព័ត៌មានជាតិ

គ ប ម ៖ ពលរដ្ឋ នឹងបានផល ប្រយោជន៍រួម ក្រោយសម្តេចតេជោ ប្រកាសព្យាបាល ជំងឺនៅក្នុងស្រុក

ភ្នំពេញ ៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសរៀបចំបច្ចេកទេស ពេទ្យក្នុងស្រុក ដើម្បីព្យាបាលជំងឺ ដោយបញ្ចប់ ទៅរកសេវា នៅក្រៅប្រទេស គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) បានលើកឡើងថា ពេលណានាយករដ្ឋមន្ត្រី ឲ្យតម្លៃពេទ្យក្នុងប្រទេសនោះ នឹងបានផលប្រយោជន៍ជាតិរួម ។

ក្នុងឱកាសចុះចែកសញ្ញាបត្រ ដល់និស្សិតសកលវិទ្យាល័យ CUS កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោ បានប្រកាសថា នឹងរៀបចំបច្ចេកទេស ផ្នែកពេទ្យ នៅក្នុងមន្ទីរពេទ្យ កាល់ម៉ែតវិញម្តង ដោយបញ្ចប់ការព្យាបាល នៅសិង្ហបុរី ព្រោះមន្ទីរពេទ្យកាល់ម៉ែត បំពាក់ទៅដោយ ឧបករណ៍ទំនើបៗ ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃ១២ ធ្នូ បានឲ្យដឹងថា កន្លងមកសម្ដេចតេជោ តែងតែឲ្យតម្លៃពេទ្យ ក្រៅប្រទេស និងចេញទៅព្យាបាល ឬពិនិត្យសុខភាពនៅក្រៅប្រទេស ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា បាត់បងជំនឿ លើពេទ្យក្នុងស្រុក និងធ្វើឲ្យកម្ពុជា ខាតបង់លុយរាប់សិបលាន ដុល្លារក្នុង១ឆ្នាំៗ ។

ហ្វេសប៊ុកបន្តថា “ពេលណានាយករដ្ឋមន្ត្រី ឲ្យតម្លៃពេទ្យក្នុងប្រទេស នោះផលប្រយោជន៍បានដូចគ្នា នាយករដ្ឋមន្ត្រីក៏ទទួលបានផលប្រយោជន៍ ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល ក៏ទទួលបានផលប្រយោជន៍ ។ នៅពេលណានាយករដ្ឋមន្ត្រី ឲ្យតម្លៃពេទ្យក្រៅស្រុក អ្នកទទួលផលប្រយោជន៍ គឺនាយករដ្ឋមន្ត្រី តែពលរដ្ឋ និងប្រទេសជាតិទាំងមូល បានខាតបង់ប្រយោជន៍ជាច្រើន” ៕ ដោយ៖ធី លីថូ

To Top
×