ព័ត៌មានជាតិ

សូមថ្នាក់លើពិនិត្យផង ! ដល់វគ្គប៉ូលិស ស្លៀកពាក់ស៊ីវិល នាំខ្លួនអ្នកសារព័ត៌មាន ពិនិត្យទឹកនោម !

ភ្នំពេញ ៖ ប៉ូលិសមន្ទីរ ប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បាននាំខ្លួនអ្នកសារព័ត៌មាន មួយរូបនៅស្ថាប័ន TNB TV News Brand ទៅពិនិត្យទឹកនោម រកសារធាតុញៀន ខណៈអ្នកសារព័ត៌មានរូបនេះ កំពុងបំពេញវិជ្ជាជីវៈ របស់ខ្លួន តាមដងផ្លូវសាធារណៈ ។ ប៉ុន្តែក្រោយការពិនិត្យ រកមិនឃើញ ប៉ូលិសបានធ្វើកំណត់ហេតុ រួចអនុញ្ញាតអោយ អ្នកសារព័ត៌មាន រូបនេះ ត្រឡប់មកវិញ ។

ករណីនេះ កើតឡើងកាល ពីវេលាម៉ោងជាង៩ យប់ថ្ងៃទី១១ ខែធ្នូ នៅចំណុចផ្លូវបំបែកជា៤ តូបB19 ម្ដុំផ្សារតូច ផ្លូវទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោក ជួន ប៊ុនរឿន អគ្គនាយកសារព័ត៌មាន TNB ថ្លែងប្រាប់ នៅថ្ងៃទី១២ ខែធ្នូ នេះ ថា ភ្នាក់ងាររបស់លោក គឺ ឈ្មោះ តាត ចាន់រុន បានជិះទៅយកព័ត៌មាន ករណីគ្រោះថ្នាក់ចរាចរណ៍ ។ ប៉ុន្តែពេលធ្វើដំណើរតាមផ្លូវ ក៏ប្រទះឃើញមានការ ប្រតាយប្រតប់គ្នា រវាងប៉ូលិសស្លៀកពាក់មួយ ក្រុមជាមួយយុវជន៣នាក់ ។

ខណៈនោះ ភ្នាក់ងាររបស់លោក បានឈប់ម៉ូតូទាញ ទូរស័ព្ទថតរូបភាព ក៏ស្រាប់តែប៉ូលិសមួយក្រុមនេះ បានហាមឃាត់ បើទោះបីជាភ្នាក់ងាររបស់លោក បានបង្ហាញ កាតអ្នកសារព័ត៌មាន យ៉ាងណាក៏ដោយ ។

លោក ជួន ប៊ុនរឿន បន្តថា ក្រោយមកប៉ូលិសបាននាំខ្លួនភ្នាក់ងារ របស់លោកទៅមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីពិនិត្យទឹកនោម រកសារធាតុញៀន តែការពិនិត្យ២ដង រកមិនឃើញនោះទេ ទើបប៉ូលិសធ្វើកំណត់ហេតុ អនុញ្ញាតអោយត្រឡប់មកវិញ ។

លោក យល់ថា នេះជាការរំលោភសិទ្ធិអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ចំពោះការបំពេញវិជ្ជាជីវៈ និង ស្នើអោយសមត្ថកិច្ចពាក់ព័ន្ធមេត្តាពិនិត្យករណីនេះឡើងវិញផង ។

បញ្ហាប៉ូលិសស្លៀកពាក់ស៊ីវិល ចាប់ខ្លួនប្រជាពលរដ្ឋតាមដងផ្លូវនេះ បង្កការភ្ញាក់ផ្អើលនិងរិះគន់យ៉ាងខ្លាំងក្លា ពីសំណាក់ប្រជាពលរដ្ឋ ដែលកន្លងមកប៉ូលិសក៏បានចេញមុខបំភ្លឺផងដែរ ។

ទន្ទឹមនេះ លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា ថ្លែងប្រាប់ថា បើអ្នកកាសែតបានបង្ហាញប័ណ្ណអ្នកសារព័ត៌មានត្រឹមត្រូវហើយ គប្បីសមត្ថកិច្ចគោរពនូវ សិទ្ធិរបស់អ្នកសារព័ត៌មាន មិនអាចធ្វើការបំពានយ៉ាងដូច្នេះទេ ខណៈប្រមុខរាជរដ្ឋាភិបាល លើកស្ទួយ និងគាំទ្រខ្លាំងណាស់ ចំពោះសេរីភាពសារព័ត៌មាន ។

លោក បន្តថា សមត្ថកិច្ចគួរបង្ហាញតួនាទី អោយបានច្បាស់លាស់ កុំអោយមានការយល់ច្រឡំ ខណៈបើសិនអ្នកសារព័ត៌មាន កំពុងបំពេញតួនាទីហើយ មិនត្រូវបំពានសិទ្ធិអ្នក សារព័ត៌មាននោះទេ ។

ជាមួយគ្នានេះ លោក ប៉ែន បូណា បានសំណូមពរដល់ អ្នកសារព័ត៌មានផងដែរ ត្រូវគោរពវិជ្ជាជីវៈរបស់ខ្លួន ខណៈសមត្ថកិច្ចក៏ត្រូវគោរព តួនាទីរបស់ខ្លួន និង មិនត្រូវបំពានសិទ្ធិអ្នក សារព័ត៌មានឡើយ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×