ភ្នំពេញ ៖ មនុស្សស្និតស្នាល របស់លោក កឹម សុខា គឺលោក ប៉ា ងួនទៀង ដែលបច្ចុប្បន្ន ជាប្រធានមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានបង្ហាញការជឿជាក់ថា លោក អ៊ូ ច័ន្ទរ័ត្ន ដែលធ្លាប់ជាអតីតមន្រ្តីជាន់ខ្ពស់ របស់គណបក្សសង្រ្គោះជាតិ ហើយដែលបានសុំសិទ្ធិធ្វើនយោបាយ ឡើងវិញនោះ គឺជាអ្នកជំរុញ និងជាមនុស្សនៅពីក្រោយឆាក នៃបង្កើតគណបក្សថ្មី ។
ធ្លាប់ជាអតីតមន្រ្តីបក្សប្រឆាំង ដែលបង្ហាញគោលជំហរគាំទ្រ លោក កឹម សុខា ក្រោយពីការរំលាយ គណបក្សសង្រ្គោះជាតិ កាលពីចុងឆ្នាំ២០១៧ ហើយដែលសុំសិទ្ធិ ធ្វើនយោបាយឡើងវិញនោះ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ពួកគេទាំង៨នាក់ តាមរយៈលិខិតមួយច្បាប់ បានប្រកាសបង្កើត គណបក្សនយោបាយថ្មី ។ ប៉ុន្តែគណបក្សនេះ មិនទាន់បង្ហើបថា ឈ្មោះអ្វីនៅឡើយ ។
បើតាមលិខិតប្រកាស ពីការបង្កើតគណបក្សថ្មី ពួកគេអះអាងថា ដើម្បីជួយទាមទារសិទ្ធិសេរីភាព លោក កឹម សុខា ។
ចំពោះគម្រោងនៃការបង្កើតនេះ ត្រូវបានលោក អ៊ូ ច័ន្ទរ័ត្ន អះអាងថា ដោយពួកគេធុញទ្រាន់ នឹងស្ថានភាពនយោបាយបច្ចុប្បន្ន។ ប៉ុន្តែទោះបីជាយ៉ាងណា លោកអះអាងថា មិនទាន់ដល់ពេលបង្កើតគណបក្សថ្មី ដើម្បីប្រកួតប្រជែងជាមួយ គណបក្សកាន់អំណាច ព្រោះករណីលោក កឹម សុខា មិនទាន់ដឹងពីលទ្ធផលច្បាស់លាស់ ។
ក្រោយប្រកាសបង្កើតបក្សថ្មី បានមួយថ្ងៃលោក ប៉ា ងួនទៀង បានលើកឡើងក្នុងហ្វេសប៊ុកថា “ទោះបីជាគ្មានឈ្មោះលោក អ៊ូ ច័ន្ទរ័ត្ន ក្នុងលិខិតនេះក្តី តែខ្ញុំគិតថា គាត់ជាអ្នកជំរុញ និងរៀបចំនៅក្រោយឆាក” ។
លោកថា ក្រោយពីក្រុមនេះ ប្រកាសបង្កើតបក្សថ្មីហើយ ទើបគេអញ្ជើញលោក អ៊ូ ច័ន្ទរ័ត្នឲ្យមកដឹកនាំ។ ការធ្វើបែបនេះ ដើម្បីឲ្យគេមើលឃើញរូបភាពគាត់ ជាមនុស្សសំខាន់។
លោកបញ្ជាក់ថា “ខ្ញុំជឿថា ហេតុផលក្នុងលិខិតនេះ និងក្នុងចិត្តពួកគាត់គឺខុសគ្នា”៕