ព័ត៌មានជាតិ

សម្តេចតេជោ ឧបត្ថម្ភអង្ករ ៥តោន ជូនសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់

ភ្នំពេញ ៖ អង្ករ៥តោន ត្រូវបានដឹកយកប្រគល់ ជូនសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចទាំងពីរ ដែលលោកតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតជយុទ្ធជន តាមរយៈការជួយឧបត្ថម្ភ ជាសម្ភារៈថវិកា ការសាងសង់ផ្ទះ ការពិនិត្យសុខភាព និងសារសំខាន់ផ្សេងៗជាច្រើនទៀត។

លោកបានបញ្ជាក់ថា ចំពោះអង្ករដែលអំណោយដ៏ថ្លៃថ្លានេះ ដើម្បីបើកជូនគ្រួសារសព សមាជិកអតីតយុទ្ធជនកម្ពុជា ដែលទទួលមរណៈ បន្ថែមពីលើប្រាក់មរណៈរបស់សមាគម។

លោកបន្ថែមថា ត្រឹមចុងឆ្នាំ២០១៩នេះ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ បានទទួលការឧបត្ថម្ភដ៏ថ្លៃថ្លានូវអង្ករ សរុប២៨តោន និងថវិកាមួយចំនួនទៀត។

លោកលើកឡើងថា ឆ្លើយតបនិងការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់នេះ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ បានចុះជួបសួរសុខទុក្ខ និងពិនិត្យមើលភាពខ្វះខាត របស់សមាជិកសមាកគម និងបានជួយសាងសង់ផ្ទះស្នាក់នៅជូនដល់សមាជិកទីទាល់ក្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្គិត ជាង៣០ខ្នងផ្ទះ និងបានផ្តល់ប័ណ្ណថែទាំសុខភាព ដោយឥតគិតថ្លៃ (ប.ស.ស) ដល់សមាជិកទាំងអស់ផងដែរ៕

To Top