ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ឲ្យក្រុមហ៊ុនស៊ីនទ្រី ប្រមូលសម្រាមវិញ តែមិនមានសិទ្ធិ ប្រមូលថ្លៃសេវាទៀតទេ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនស៊ីនទ្រី មានសិទ្ធិបន្តប្រតិបត្តិការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងជាបណ្តោះអាសន្នសិន ប៉ុន្តែមិនមានសិទ្ធិ ក្នុងការប្រមូលថ្លៃសេវា សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងតទៅទៀតទេ ។

យោងតាមសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា ដោយអនុលោម តាមបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានបង្កើត “រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ” ដែលមានភារកិច្ចទទួលបន្ទុក លើការគ្រប់គ្រងការផ្តល់សេវា ប្រមូលសំរាម និងសំណល់រឹង ការអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មី និងការប្រមូលចំណូលថ្លៃសេវា ប្រមូលសំរាម និងសំណល់រឹង ដោយមិនដាក់ ក្នុងវិក្កយបត្រអគ្គិសនីទៀតទេ។

សេចក្តីណែនាំបន្តថា “ក្នុងអំឡុងពេលអន្តរកាល គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ រហូតដល់ពេលបង្កើតបាន និងដាក់ឲ្យដំណើរការពេញលេញ នូវប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មី ក្នុងពេលឆាប់ៗខាងមុខ រាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនស៊ីនទ្រី មានសិទ្ធិបន្តប្រតិបត្តិការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងជាបណ្តោះអាសន្នសិន ប៉ុន្តែមិនមានសិទ្ធិ ក្នុងការប្រមូលថ្លៃសេវា សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងតទៅទៀតទេ” ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ រក្សាស្ថានភាពចំពោះតម្លៃសេវាបច្ចុប្បន្ន ជាបណ្តោះអាសន្នសិន និងឲ្យប្រជាពលរដ្ឋប្រើប្រាស់ អត្រាតម្លៃសេវាប្រមូលសំរាម និងសំណល់រឹង ដែលបានបង់រួចហើយ កាលពីខែតុលា ឆ្នាំ២០១៩ ជាមូលដ្ឋាន ដើម្បីបន្តបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ក្នុងអំឡុងពេលអន្តរកាលនេះ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top