នយោបាយ

ទីម័រឡេស្តេ ចាត់ទុកកម្ពុជា ជាប្រទេសគំរូ អាចដកស្រង់ យកបទពិសោធន៍ ទៅចែករំលែកប្រទេសដទៃ (មានវីដេអូ)

ភ្នំពេញ ៖ លោកស្រី លីស៊ីដាដេ ដេ ស៊ូសា ហ្គូទែរែស (Felicidade de Sousa Guterres) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេចប់អាណត្តិប្រចាំកម្ពុជា បានចាត់ទុកកម្ពុជា គឺជាប្រទេសគំរូ ដែលអាចដកស្រង់ យកបទពិសោធន៍ ដើម្បីចែករំលែកទៅកាន់បណ្ដាប្រទេសដទៃទៀត។ នេះយោងតាមគេហទំព័រ ហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី Felicidade de Sousa Guterres មានប្រសាសន៍ថា «កម្ពុជាគឺជាប្រទេសដ៏គំរូមួយ ដែលអាចដកស្រង់បទពិសោធន៍ ហើយយកបទពិសោធន៍នោះ ដើម្បីជាការរៀនសូត្រផង និងដើម្បីជាការចែករំលែកទៅកាន់មិត្តភក្តិ និងបណ្ដាប្រទេសដទៃទៀតផង ។ ឃើញសុខសន្តិភាព ស្ថិរភាពរបស់កម្ពុជា ដែលសុខសន្តិភាព ស្ថេរភាពនេះហើយ ដែលបានជំរុញការ អភិវឌ្ឍរបស់កម្ពុជា ឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស» ។

លើសពីនេះទៀត លោកស្រីបញ្ជាក់ថា កម្ពុជា គឺជាប្រទេសមួយ ដែលមានប្រជាពលរដ្ឋរីករាយស្រស់ថ្លា ហើយភាពស្រស់ថ្លានេះ ជាមួយនឹងសុខសន្តិភាព សុវត្ថិភាពដែលមានការទាក់ទាញ សម្រាប់អ្នកទេសចរមកទស្សនា មកវិនិយោគនៅកម្ពុជា ។ ជាងនេះទៅទៀត កត្តាសុវត្ថិភាព គឺជាកត្តាទាក់ទាញជាទីបំផុត ។

ចំណែក សម្ដេចតេជោបានឲ្យដឹងដែរថា កម្ពុជា-ទីម័រឡេស្តេ គឺជាប្រទេសកំពុងមានការអភិវឌ្ឍ ចាំបាច់អាចចែករំលែកបទ ពិសោធន៍រវាងគ្នាទៅវិញទៅមក ដើម្បីជំរុញកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យទទួលបាននូវផលប្រយោជន៍រួមផងដែរ ។

សម្ដេចបន្ដថា កម្ពុជាចង់ឲ្យមាននិស្សិតបរទេសច្រើនមកសិក្សានៅកម្ពុជា ដើម្បីចែករំលែកចំណេះដឹងរវាងនិស្សិត និងនិស្សិត ជាពិសេស ផ្លាស់ប្ដូរនិស្សិតរវាងកម្ពុជា និងប្រទេសដទៃ ៕ ដោយ អេង ប៊ូឆេង

To Top