ព័ត៌មានជាតិ

អាមេរិកសោកស្តាយការបាត់បង់ លោក ស៊ីន សេដ្ឋាកុល ចៅប្រុស លោក ស៊ីន ស៊ីសាមុត

ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបង្ហាញការសោកស្តាយ ចំពោះមរណភាព លោកស៊ីន សេដ្ឋាកុល ជាចៅប្រុសច្បង របស់អធិរាជសំឡេងមាស លោកស៊ីន ស៊ីសាមុត កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ។

ទូតអាមេរិករៀបរាប់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ថា លោក សេដ្ឋាកុល គឺជាអ្នកស្នងមរតកនៃបទចំរៀង ១៣០ របស់លោកតាស៊ីន ស៊ីសាមុត។ នៅខែមេសាឆ្នាំ ២០១៥ គាត់បានតំណាងអធិរាជសំឡេងមាស តាមរយៈការសម្តែងបទចម្រៀង “ចំប៉ាបាត់ដំបង” និង “កុំស្មានបងភ្លេច” នៅទីក្រុងញូវយ៉ក ជឺស៊ីស ឡូវែល និង Sliver Spring ដែលជាផ្នែកមួយ នៃការបញ្ចាំងខ្សែភាពយន្ត “កុំស្មានបងភ្លេច៖ ខ្មែរបាត់បង់តន្រ្តីរ៉ក់” ។

ទូតអាមេរិកបង្ហាញការសោកស្តាយថា “យើងសូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់លោក និងប្រជាជនកម្ពុជា។ មរតករបស់គាត់ នឹងត្រូវបានចងចាំរហូតទៅ” ។

សូមបញ្ជាក់ថា លោក ស៊ីន សេដ្ឋាកុល បានដួល ហើយក៏បានបញ្ជូនទៅមន្ទីររុស្ស៊ី ដើម្បីពិនិត្យព្យាបាល ប៉ុន្តែដោយសារលោក មានជំងឺលើសឈាមផង ក៏បានបង្កឲ្យស្ថានភាពធ្ងន់ធ្ងរ រហូតដល់បាត់បង់អាយុជីវិត ៕

To Top