នយោបាយ

រាជរដ្ឋាភិបាល ប្ដេជ្ញាការពារ អធិបតេយ្យជាតិ និងការពារការប៉ុនប៉ង អាក្រក់ទាំងឡាយណា ពីមជ្ឈដ្ឋានខាងក្រៅ (វីដេអូ)

រាជរដ្ឋាភិបាល ប្ដេជ្ញាការពារ អធិបតេយ្យជាតិ និងការពារការប៉ុនប៉ង អាក្រក់ទាំងឡាយណា

រាជរដ្ឋាភិបាល ប្ដេជ្ញាការពារ អធិបតេយ្យជាតិ និងការពារការប៉ុនប៉ង អាក្រក់ទាំងឡាយណា ពីមជ្ឈដ្ឋានខាងក្រៅhttps://www.dap-news.com/national/2020/01/07/22476/

Posted by Dap_News_Website on Tuesday, January 7, 2020

ភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានប្ដេជ្ញាការពារ អធិបតេយ្យជាតិ ទោះស្ថិតក្នុងកាលៈទេសៈណាមួយក៏ដោយ ដែលមានការប៉ុងប៉ង ណាធ្វើឲ្យកម្ពុជា ឃ្លាតចេញពីមាគ៌ា ប្រជាធិបតេយ្យពីបណ្តា ប្រទេសណាមួយ ។

នេះជាប្រសាសន៍ដ៏មានអត្ថន័យ របស់សម្តេចតេជោ ក្នុងពិធីអបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧មករា (៧មករា ១៩៧៩-៧មករា ២០២០) នៅព្រឹកថ្ងៃទី៧ មករា ឆ្នាំ២០២០ ។ សម្ដេចតេជោបានថ្លែងថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ប្រជាពលរដ្ឋកម្ពុជា កំពុងត្រូវបានគោរពថែរក្សា និងលើកកម្ពស់ឥតឈប់ឈរ។

សម្ដេចមានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា ការពារដាច់ខាត នូវឯករាជ្យអធិបតេយ្យជាតិ ទោះស្ថិតក្នុងកាលៈទេសៈ និងស្ថានភាពណាក្តី ហើយការប៉ុងប៉ងណា ដែលធ្វើឲ្យកម្ពុជា ឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ ដោយដាក់បង្ខំឲ្យកម្ពុជាមិនអាចអនុវត្តសូម្បីតែច្បាប់ជាតិរបស់ខ្លួននោះ គឺពុំអាចទទួលយកបានឡើយ» ។

សម្ដេចតេជោបន្ដថា មជ្ឈដ្ឋានខាងក្រៅ នឹងពិចារណាឲ្យបានត្រឹមត្រូវ ចំពោះការវិវត្តន៍ប្រកបដោយភាព វិជ្ជមាននៅកម្ពុជា ហើយគោរពចំពោះសិទ្ធិ នៃការជ្រើសរើសរបស់ប្រជាជនកម្ពុជានូវមាគ៌ា សម្រាប់ការអភិវឌ្ឍរបស់ខ្លួន ដែលស្របទៅនឹងប្រវត្តិសាស្ត្រ ស្ថានភាពសង្គម វប្បធម៌ និងរដ្ឋធម្មនុញ្ញរបស់ខ្លួន។
សម្ដេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងកម្ពុជា ជាមួយប្រទេសខ្លះដែលធ្លាប់មានទស្សនៈ មិនគ្រប់ជ្រុងជ្រោយចំពោះរាជរដ្ឋាភិបាលកម្ពុជានោះ នឹងត្រូវបានថែរក្សាពូនជ្រុំ លើកស្ទួយឲ្យល្អប្រសើរឡើង ដែលនឹងមិនក្លាយជាចំណាប់ខ្មាំង នៃទំព័រដ៏ខ្មៅងងឹត ខ្លះនៃប្រវត្តិសាស្ត្រឡើយ។

ឆ្លៀតឱកាសនោះ សម្ដេចតេជោអះអាងថា សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ ធ្វើឲ្យប្រជាជនបាននឹងរស់នៅយ៉ាងសុខសាន្ត សុខដុមរមនា។ សម្ដេចតេជោថា រាល់ការប៉ុនប៉ងរបស់សមាសភាពអាក្រក់ទាំងឡាយ ដែលមានបំណងផ្លាស់ប្តូររបបនយោបាយនៅកម្ពុជា តាមរយៈវិធានការដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ត្រូវបរាជ័យទាំងស្រុង ក្រោមចំណាត់ការដ៏ម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល និងកម្លាំងសាមគ្គី របស់ប្រជាជន បានប្តេជ្ញាយ៉ាងមោះមុត ក្នុងការថែរក្សាជីវភាពរស់នៅដ៏សុខសាន្តរបស់ខ្លួននិងការអភិវឌ្ឍ។

សម្ដេចនាយករដ្ឋមន្ដ្រីបន្ថែមថា សន្តិភាព និងស្ថិរភាពនយោបាយបានធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យសម្រេចបានកំណើនខ្ពស់ប្រមាណ ៧,១% ក្នុងបរិការណ៍នៃផលិតផលក្នុងស្រុកសរុបជាមធ្យមសម្រាប់មនុស្សម្នាក់ពី១ ៥៤៨ ដុល្លារក្នុងឆ្នាំ២០១៨ ដល់ប្រមាណ១ ៦៧៩ ដុល្លារក្នុងឆ្នាំ២០១៩។ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយមកក្រោម ១០% នាបច្ចុប្បន្ន។ ម្យ៉ាងទៀត កម្ពុជារក្សាបានសន្តិសុខការងារ ដោយអត្រាគ្មានការងារមានប្រមាណ ០,៣% ប៉ុណ្ណោះ។

សម្ដេចតេជោបន្ថែមថា «យើងជឿជាក់លើកម្លាំង នៃការប្រឹងប្រែង របស់យើងហើយចងចាំថា គឺកត្តាផ្ទៃក្នុងនោះហើយដែលជាកត្តា កំណត់នៃជ័យជម្នះ។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាប្តេជ្ញាដាច់ខាត ក្នុងការការពារសន្តិភាព ដែលយើងសម្រេចបានមក ដោយលំបាកជាទីបំផុតនោះឲ្យរឹងមាំ ស្ថិតស្ថេរគង់វង្សជានិច្ច មិនអនុញ្ញាតឲ្យកម្លាំង ប្រតិកិរិយាណាមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ ដោយតម្លៃណាក្តី»។

នាយករដ្ឋមន្ដ្រីអះអាងថា មានសន្តិភាព ទើបធានាការអភិវឌ្ឍ ប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយរបស់ប្រជាជន ។ មានសន្តិភាព ទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើន នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ហើយជោគជ័យនៃដំណើរការអភិវឌ្ឍន៍ និងភាពរឹងមាំ នៃប្រជាធិបតេយ្យ នឹងជះឥទ្ធិពលត្រឡប់មកវិញធានានូវចីរភាពនៃសន្តិភាព ។ «បើយើងបាត់បង់សន្តិភាពនោះ យើងនឹងត្រូវបាត់បង់ អ្វីៗទាំងអស់» ៕ ដោយ អេង ប៊ូឆេង

To Top