នយោបាយ

រដ្ឋមន្ត្រីការបរទេស អាស៊ាន ពិភាក្សាគ្នា លើបញ្ហាចូលរួម កិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នៅឡាសវេហ្គាស នាពាក់កណ្ដាលខែមីនា

ភ្នំពេញ ៖ ក្រោយពីមេដឹកនាំអាស៊ាន ឯកភាពគ្នាថា នឹងទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិក នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ហើយនោះ ក្នុងកិច្ចប្រជុំចង្អៀត រយៈពេល ២ថ្ងៃ ចាពីថ្ងៃទី១៦-១៧ មករា នៅវៀតណាម រដ្ឋមន្ត្រីការបរទេសអាស៊ាន បានពិភាក្សាគ្នាពីដំណើរការ នៃការចូលរួមកិច្ចប្រជុំនេះ ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat) ពីថ្ងៃទី១៦-១៧ ខែមករា នៅទីក្រុងញ៉ាចាង ប្រទេសវៀតណាម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានជម្រាបជូនកិច្ចប្រជុំចង្អៀត អំពីអាទិភាពកម្ពុជា នៅក្នុងអាស៊ានសម្រាប់ឆ្នាំ២០២០ ។ ពាក់ព័ន្ធនឹងសសរស្តម្ភ នយោបាយ សន្តិសុខអាស៊ាន លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងនាមជាប្រទេសដែល ផ្តួចផ្តើមនិងធ្វើជាម្ចាស់ផ្ទះនៃ មជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន កម្ពុជាជានិច្ចជាកាល បេ្តជ្ញាចិត្តជួយមជ្ឈមណ្ឌល ឱ្យដំណើរការបានពេញលេញ និងមានប្រសិទ្ធភាព ក្នុងការបង្កើនការយល់ដឹងពីផលប៉ះពាល់ នៃសំណល់យុទ្ធភណ្ឌពីសង្គ្រាម និងបានលើកទឹកចិត្ត ដោយមជ្ឈមណ្ឌលមានវឌ្ឍភាពជាវិជ្ជមាន ក្នុងការកសាងសមត្ថភាពស្ថាប័ន និងពង្រីកដំណើរការនៅឆ្នាំ២០១៩ ។

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការផ្សារភ្ជាប់ទំនាក់ទំនង រវាងអាស៊ានជាមួយប្រទេស ដៃគូសន្ទនាអាស៊ាន គឺជាមូលដ្ឋានគ្រឹះនៃ ការកសាងសហគមន៍អាស៊ាន និងមជ្ឈភាពរបស់អាស៊ាន។ លោកក៏បានជម្រាបជូនកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំកិច្ចប្រជុំ កំពូលថ្នាក់ដឹកនាំអាស៊ាន-នូវែលសេឡង់ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៦ នៅដាណាង ប្រទេសវៀតណាម។

លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា «រដ្ឋមន្ត្រីការបរទេសអាស៊ាន បានពិភាក្សា ពីសំណើរបស់សហរដ្ឋអាមេរិក ដើម្បីរៀបចំកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០២០ នៅឡាសវេហ្គាស សហរដ្ឋអាមេរិក» ។

រដ្ឋមន្រ្តីការបរទេសអាស៊ាន បានគាំទ្រមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» របស់វៀតណាម ដែលជាប្រធានអាស៊ានឆ្នាំនេះ និងអាទិភាពចម្បងចំនួន៥ ដើម្បីជំរុញការកសាងសហគមន៍ អាស៊ាន។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានកត់សម្គាល់នូវឯកសារសមទ្ធិផលសំខាន់ៗ ដែលបាន ដាក់ចេញដោយវៀតណាម ក្នុងនាមជាប្រធានអាស៊ាន ដែលស្របនឹងកិច្ចខិតខំប្រឹងប្រែងរបស់ ប្រធានអាស៊ានមុនៗ ដើម្បីសម្រេចគោលដៅនៃ ការកសាងសហគមន៍អាស៊ាន។

រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានប្រកាន់យកនូវវិធីសាស្ត្រ សម្លឹងមើលទៅមុខ ដោយបានផ្តួចផ្តើមការពិភាក្សាលើ ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ហើយនិងវិស័យដែលមានសារៈសំខាន់ សម្រាប់សមាហរណកម្មអាស៊ាន រួមទាំងការលើកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ការអភិវឌ្ឍប្រកបដោយចីរភាព ការតភ្ជាប់អាស៊ាន សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍវិស័យ បចេ្ចកវិទ្យាយ៉ាងឆាប់រហ័សក្នុងបរិបទ នៃបដិវត្តន៍ឧស្សាហកម្មទីបួន ទីក្រុងវៃឆ្លាត សន្តិសុខប្រព័ន្ធ អ៊ិនធឺណិត ការលើកកំពស់ស្ត្រី និងសមភាពយេនឌ័រ ការប្រែប្រួលអាកាសធាតុ ផ្សែងអ័ព្ទឆ្លងដែន និងបញ្ហាសន្តិសុខមិនមែន ប្រពីណីដទៃទៀត។

ឆ្នាំ២០២០ ជាឆ្នាំដែលមានសារៈសំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិ ហើយក៏ជាខួប ៧៥ឆ្នាំ នៃការបង្កើតអង្គការសហប្រជាជាតិ។ ក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានគាំទ្រនូវសំណើររបស់វៀតណាម ដែលជាប្រធានអាស៊ានឆ្នាំ២០២០ និងជាប្រធានក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិសម្រាប់ខែមករា ឆ្នាំ២០២០ ក្នុងការរៀប ចំឱ្យអាស៊ានបានជម្រាបជូន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពីប្រធានបទ “កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការតំបន់ និងអនុតំបន់ ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ៖ តួនាទីរបស់អាស៊ាន” នៅក្នុងខែមករា ឆ្នាំ២០២០ នេះ នៅទីក្រុងញូវយ៉ក។

ក្នុងកិច្ចប្រជុំចង្អៀតនេះដែរ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលលេចធ្លោ មួយចំនួន ដោយសង្កត់ធ្ងន់ទៅលើ បញ្ហាដូចខាងក្រោម៖

ផ្ទាំងពាណិជ្ជកម្ម

•រដ្ឋមន្ត្រីការបរទេសអាស៊ាន បានកត់សំគាល់វឌ្ឍនភាព នៃកិច្ចសន្ទនាក្នុងន័យស្ថាបនារវាង មីយ៉ាន់ម៉ានិងបង់ក្លាដែស ចំពោះដំណើរការនៃការធ្វើ មាតុភូមិនិវត្តន៍របស់ជនបាត់បង់ ទីលំនៅនៅរដ្ឋរ៉ាខាញ។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានវាយតម្លៃខ្ពស់ដល់កិច្ចខិតខំ ប្រឹងប្រែងរបស់អគ្គលេខាធិការអាស៊ាន ក្នុងការដឹកនាំការអនុវត្តអនុសាសន៍ នៃការវាយតម្លៃ សេចក្តីត្រូវការបឋម ហើយបានទន្ទឹងរង់ចាំមើល ការអនុវត្តនូវការវាយតម្លៃពីតម្រូវការគ្រប់ ជ្រុងជ្រោយ។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបង្ហាញពីការត្រៀម រួចរាល់របស់អាស៊ាន ក្នុងការជួយគាំទ្រដល់ដំណើរការ នៃការធ្វើមាតុភូមិនិវត្តន៍ ឱ្យបានឆាប់រហ័ស មានសុវត្ថិភាព និងមានសណ្តាប់ធ្នាប់។•ចំពោះបញ្ហាសមុទ្រចិនខាងត្បូង រដ្ឋមន្ត្រីការបរទេសអាស៊ាន បានគូសបញ្ជាក់អំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ និងកិច្ចពិគ្រោះយោបល់រវាងអាស៊ាន និងចិន ជាពិសេសការបញ្ចប់ ការពិភាក្សាជុំទី១ និងការចាប់ផ្តើមពិភាក្សាជុំទី២ នៃសេចក្តីព្រាងអត្ថបទចរចាតែមួយ នៃក្រមប្រតិបត្តិនៃសមុទ្រចិនខាងត្បូង។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានគូសបញ្ជាក់ពី សារៈសំខាន់នៃការអនុវត្ត សេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ឱ្យបានទាំងស្រុង ពេញលេញ និងមានប្រសិទ្ធភាព ។

•រដ្ឋមន្រ្តីការបរទេសអាស៊ាន រំពឹងទុកពីការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូ សេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) នៅឆ្នាំនេះ ដែលនឹងរួមចំណែកបន្ថែមទៀត ដល់ កំណើនសេដ្ឋកិច្ច និងវិបុលភាពក្នុងតំបន់ ។

សូមរំលឹកថា លោក ពុយ គា អ្នកឆ្លើយឆ្លងសារព័ត៌មាន ក្យូដូជប៉ុនបានលើកឡើងថា មេដឹកនាំអាស៊ានបានឯកភាពគ្នា នៅថ្ងៃសុក្រនេះ ថានឹងទៅជួបប្រធានាធិបតី ដូណាល់ ត្រាំ នៅ Las Vegas សហរដ្ឋអាមេរិក នៅពាក់កណ្តាលខែមិនាខាងមុខនេះ ទោះបីជាកន្លងមក បានសម្តែងការមិនពេញចិត្ត លោកត្រាំ ដែលអវត្តមាននៅឯកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក កាលពីខែវិច្ឆិកាកន្លងទៅ ។

លោក ពុយ គា បានសរសេរលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកបន្ថែមថា យ៉ាងណាក៏ដោយ គេពុំទាន់ដឹងថាតើនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir បុរសខ្លាំងមួយរូបនៅអាស៊ី នឹងទៅចូលរួមដែរឬទេ ព្រោះកន្លងមកក្នុងចំណោម មេដឹកនាំអាស៊ានទាំង ១០រូប មានតែលោកមហាធាមួយគត់ ដែលបានសម្តែងការពុំពេញចិត្តលោកត្រាំ ហើយក៏បានថ្លែងថា លោកនឹងមិន ទៅជួបលោកត្រាំ នៅឯកិច្ចប្រជុំកំពូលពិសេស រវាងអាស៊ាននិងអាមេរិកឡើយ ។

លោក មហាធា មិនចូលចិត្តលោកត្រាំទេ ក៏ប៉ុន្តែលោកចូលចិត្តលោក George W. Bush មកពីគណបក្សសាធារណរដ្ឋតែមួយ។ កាលពីឆ្នាំ២០០២ លោកប្រធានាធិបតី Bush បានយល់ព្រមជួបជាមួយលោក Mahathir ម្តងបន្ទាប់ពីប្រទេសម៉ាឡេស៊ី បានបង់លុយមួយចំនួនដល់ក្រុមហ៊ុន បញ្ចុះបញ្ចូលសហរដ្ឋអាមេរិក ដើម្បីឱ្យពួកគេរៀបចំឱ្យមាន ជំនួបជាមួយលោក Bush ។

កាលណោះកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានសរសេរថា លោកមហាធៀបានជួលអ្នកបញ្ចុះបញ្ចូល នៅទីក្រុងវ៉ាស៊ីនតោន តាមរយៈមូលនិធិបេតិកភ័ណ្ឌមួយ ដើម្បីបញ្ចុះបញ្ចូលសេតវិមាន ឱ្យយល់ព្រមចំពោះដំណើរ ទស្សនកិច្ចនេះ។ របាយការណ៍មួយបានអះអាងថា ការចំណាយសម្រាប់សកម្មភាព បញ្ចុះបញ្ចូលមានចំនួនប្រមាណ ១លានបីសែនដុល្លារអាមេរិកឯណោះ ៕

ដោយ៖ ខា ដា

To Top