នយោបាយ

លោក កឹម សុខាបញ្ជាក់យ៉ាងច្បាស់ថា ទាំងពេលកន្លងមក បច្ចុប្បន្ន និងអនាគតមិនដែលគាំទ្រអ្នកណាឲ្យឈ្លានពានកម្ពុជាឡើយ

ភ្នំពេញ ៖ ខណៈថ្ងៃស្អែកនេះ តុលាការនឹងបន្តនីតិវិធីសវនាការលើរឿងក្តី ឡោក កឹម សុខា ពីទោសក្បត់ជាតិ លោក កឹម សុខា នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនថា ទាំងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគតគឺលោកមិន ដែលគាំទ្រអ្នកណាម្នាក់ ឲ្យមកឈ្លានពានកម្ពុជាឡើយ។

តាមរយៈហ្វេសប៊ុករបស់លោក មុត ចន្ថា ដែលជាមនុស្សជំនិត បានលើកឡើងថា “ឯកឧត្តម កឹម សុខា បានបញ្ជាក់យ៉ាងច្បាស់ថា ទាំងពេលកន្លងមក ពេលបច្ចុប្បន្ន និងទៅអនាគត កឹម សុខា មិនត្រូវរ៉ូវ (ឃុបឃិត) និងមិនគាំទ្រអ្នកណា កុំថាឡើយបរទេស សូម្បីតែខ្មែរគ្នាឯងក៏ដោយ ដែលមានចេតនា ឬធ្វើអំពើនាំឲ្យប្រទូសរ៉ាយខូចខាតដល់ប្រជាពលរដ្ឋខ្មែរ ឬនាំឲ្យមានការឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា ជាដាច់ខាត»។

លោកថា ព្រោះអយុត្តិធម៌ នាំមកនូវការបែកបាក់ជាតិ ហើយការផ្សះផ្សា នាំមកនូវអធិបតេយភាពជាតិ។

សូមបញ្ជាក់ថា សវនាការលើកទី១ សម្រាប់ជំនុំជម្រះរឿងក្តីក្បត់ជាតិលោក កឹម សុខា បានធ្វើឡើងកាលថ្ងៃ១៥-១៦ មករា ហើយសវនាការលើក២នឹងបន្តទៅថ្ងៃទី២២-២៣ មករា សប្តាហ៍នេះ ។ ក្នុងសវនាការលើកទី១ ធ្វើឡើងជាសាធារណៈ ក្នុងពេលនោះមានអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិបានយកចិត្តទុកដាក់តាមដានជាខ្លាំង៕

To Top