នយោបាយ

នាយករដ្ឋមន្រ្តីកម្ពុជា – ប្រធានាធិបតីកូរ៉េ ខាងត្បូង នឹងជួបពិភាក្សាគ្នា លើកិច្ចសហការតំបន់ និងពិភពលោក

​ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិភពលោក ឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅ សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។​ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានក្រសួងការបរទេសខ្មែរ។ 

ក្នុងឱកាសឆ្លៀតចូលរួមប្រជុំនាយករដ្ឋមន្រ្តីកម្ពុជា-ប្រធានាធិបតីកូរ៉េខាងត្បូងក៏នឹងជួបពិភាក្សាគ្នា លើកិច្ចសហប្រតិប្តិការតំបន់និងពិភពលោកផងដែរ។

​គណៈប្រតិភូអមដំណើរសម្តេចតេជោ រួមមាន​៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ ព្រមទាំងឥស្សរជនជាន់ខ្ពស់​មួយចំនួននៃរាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំធុរកិច្ច​នៃ​សភាពាណិជ្ជកម្មកម្ពុជា។

​ក្នុងអំឡុងពេលស្នាក់នៅកូរ៉េ នាយករដ្ឋមន្រ្តី  នឹងអញ្ជើញជួបប្រជុំជាមួយលោក មូន ចេអ៊ីន (Moon Jaein)ប្រធានា ធិបតីកូរ៉េ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ ទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់ រួម។ 

បន្ថែមពីនេះ សម្តេចតេជោ ក៏នឹងអញ្ជើញ​ចូលរួមពិធីពិសារអាហារថ្ងៃត្រង់រៀបចំដោយលោក ជុង សៃឃ្យូន (Chung Sye-kyun) នាយករដ្ឋមន្រ្តីកូរ៉េ ផងដែរ។

​ជាមួយគ្នានេះសម្តេចតេជោ ក៏នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះលើមូលបទរបស់កិច្ចប្រជុំកំពូល ស្តីពី «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស» រួមជាមួយនឹងឥស្សរជនបរទេសមួយចំនួនទៀត ដែលចូលរួមកិច្ចប្រជុំកំពូល ពិភពលោក២០២០នៃអង្គការសហព័ន្ធសន្តិភាពសកល ។

​ទន្ទឹងនឹងនេះសម្តេចតេជោ ក៏នឹងជួបសំណេះសំណាលជាមួយ​សហគមន៍កម្ពុជា សិស្ស-និស្សិត និងពលករកម្ពុជា ដែលកំពុង​រស់នៅនិងធ្វើការនៅកូរ៉េផងដែរ។

​សូមបញ្ជាក់ថា កម្ពុជា និងកូរ៉េ មានចំណងទាក់ទងជាមិត្តភាព និងកិច្ចសហ-ប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យ​​ជាច្រើន ដូចជា ពាណិជ្ជកម្ម ការវិនិយោគ ការងារ និងការអប់រំ ជាដើម៕​

To Top