នយោបាយ

គណបក្សប្រជាជនកម្ពុជា ប្រឆាំងមិនឲ្យមានចលនាបដិវត្តន៍ ពណ៌ និងប្តេជ្ញាពូនជ្រំ លទ្ធិប្រជាធិបតេយ្យ

ភ្នំពេញ ៖ ក្រោយបញ្ចប់សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លេីកទី៤២នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ បានបង្ហាញលទ្ធផលយ៉ាងត្រចះត្រចង់ ក្នុងរយៈពេលនៃសន្និបាត២ថ្ងៃដែលចាប់ពីថ្ងៃទី១-២​ខែកុម្ភៈ ​ឆ្នាំ២០២០។ តាមរយៈសន្និបាតនេះ គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់បានប្រកាសបន្តប្រឆាំង មិនឲ្យមានចលនាបដិវត្តន៍ពណ៌ និងប្តេជ្ញាពូនជ្រំលទ្ធិប្រជាធិបតេយ្យ។

សន្និបាត២ថ្ងៃប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត ព្រមទាំងសមាជិក សមាជិកា៣៤២០នាក់។

យោងតាមសេចក្តីប្រកាស បង្ហាញលទ្ធផលសន្និបាតដែល លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានតាមតេឡេក្រាមឲ្យដឹងថា “ប្រឆាំងដាច់ខាតមិនឲ្យមានចលនាបដិវត្តន៍ពណ៌ និងជំរុញការអនុវត្តច្បាប់ដ៏មុឺងម៉ាត់ចំពោះអង្គការចាត់តាំងនិងបុគ្គលណាដែលប្រព្រឹត្តល្មេីសច្បាប់​ ។ បញ្ជាក់ជំហរឥតងាករេ ក្នុងការថែរក្សាពូនជ្រំលទ្ធិ្រជាធិបតេយ្យសេរីពហុបក្ស​ នៅ កម្ពុជា”។

លោកថា ប្រទេសខ្លាំងមួយចំនួនកំពុង ប្រើប្រាស់បញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ដាក់សម្ពាធដោយបំពានលេីអធិបតេយ្យភាពរបស់ប្រទេសតូចតាច ជាការគម្រាមកំហែងលេីសន្តិភាព​ស្ថិរភាពនិងអភិវឌ្ឍន៍ របស់កម្ពុជានិងប្រទេសតូចតាច​ផ្សេងទៀត។

លោកបន្តថា សន្និបាតក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោហ៊ុន​ សែន ដែលបានការពារដាច់ខាតដោយជោគជ័យ ​នូវឯករាជ្យ​អធិបតេយ្យជាតិ​បូរណភាពទឹកដី​ អព្យាក្រឹត្យភាព​សន្តិភាព​សន្តិសុខ​ស្ថិរភាពនយោបាយនិងការឯកភាពជាតិ។

 លោកថា ដែលទាំងនេះគឺជាអំណោយផលដល់ ការអភិវឌ្ឍ សេដ្ឋកិ្ចសង្គម ដោយរក្សាបាវចនា​កែទម្រង់ខាងក្នុង​បង្កេីន មិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ​ ។ 

ក្នុងនោះ សម្តេចតេជោបានយកចិត្តទុកដាក់ ពីស្ថានការណ៍ ពិភពលោក ដែលកំពុងបន្តវិវត្តន៍តាមផ្លូវដ៏ជ្រាលជ្រៅ​ ឆាប់រហ័ស និងពិបាកប៉ាន់ស្មាន ដែលបង្កបញ្ហាប្រឈម និងហានិ ភ័យកាន់តែច្រេីនខាងយោធា​សន្តិសុខ​សេដ្ឋកិច្ច-សង្គម​ ។ 

ជាមួយគ្នានេះ សន្និបាតលេីកកម្ពស់ស្មារតីនៃសង្គមជាតិ​ ថែរក្សាសន្តិភាព​ ហើយនឹងរៀបចំពិធីជួបជុំមហាជ​នថ្ងៃ២៩ ធ្នូរៀងរាល់ឆ្នាំដើម្បីរំលឹកខួបនៃការបញ្ចប់សង្គ្រាម សុីវិលនៅកម្ពុជា​។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសបច្ចុប្បន្ន គឺមានសមាជិកគណៈកម្មាធិការកណ្តាល ចំនួន ៨៦៥នាក់ ៕

To Top