សម្តេចតេជោបញ្ជាក់យ៉ាងច្បាស់លាស់ថា មិនមាននរណាអាចបំបែកបំបាក់មិត្តភាពរវាងចិន-កម្ពុជាឡើយ
ភ្នំពេញ៖នៅចំពោះមុខលោក ស៊ី ជីងពីង ប្រធានាធិបតីចិន នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់លាស់ថា “មិនមាននរណាអាចនបំបែកបំបាក់មិត្តភាពរវាងចិន និងកម្ពុជាឡើយ។
ក្នុងជំនួបជាមួយ ស៊ី ជីងពីង សម្តេចតេជោបន្តថា វត្តមានរបស់សម្តេចនៅប្រទេសចិននាពេលនេះ គឺបង្ហាញពីសាមគ្គីភាពជាមួយចិន ហើយរួមសុខរួមទុក្ខជាមួយប្រជាជនចិន។
សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា កម្ពុជា គឺជាមិត្តដ៏ស្មោះត្រង់របស់ប្រជាជនចិន ហើយនឹងបន្តជោគវាសនាតែមួយជាមួយគ្នា។
ចំណែកប្រធានាធិបតីចិន សូមថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានភក្តីភាពជាមួយប្រជាជនចិន និងរដ្ឋាភិបាលចិន។ កម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមិត្ត «ដែកថែប» របស់ចិន។
លោកប្រធានាធិបតី បានគូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថា គាំទ្រប្រទេសចិន ហើយកម្ពុជា បានចូលរួម រួមសុខ រួមទុក្ខជាមួយប្រទេសចិន គឺលោកពិតជាអរគុណចំពោះទឹកចិត្តរបស់កម្ពុជា។
លោកថា ចាប់ពីឆ្នាំកន្លងទៅនេះ ទំនាក់ទំនងកម្ពុជា និងចិន ចាប់ផ្តើមក្នុងទំព័រសករាជថ្មី ដោយបានអនុវត្តន៍នូវនយោបាយជោគវាសនារួមគ្នា ហើយអាចដាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងកម្រិតថ្មីមួយទៀតចាប់ពីពេលនេះតទៅ។
ចំពោះសេដ្ឋកិច្ចវិញសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៅប្រធានាធិបតីចិនថា នៅឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងថយចុះបន្តិច ដោយសារការប្រែប្រួលនៃសភាពការណ៍នានាលើពិភពលោក។ សម្តេចតេជោ បានស្នើរដ្ឋាភិបាលចិន បន្តគាំទ្រដល់ការវិនិយោគនៅកម្ពុជា ជាពិសេសរោងចក្ររបស់ចិននៅកម្ពុជា ឱ្យបន្តដំណើរការ ដោយកម្ពុជានឹងកែលំអរបរិយាកាសនានា ដើម្បីធានាដល់ដំណើរការរោងចក្រទាំងនេះ។
សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំឱ្យមានការទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើប្រធានាធិបតីចិន ពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជានៅក្នុងប្រទេសចិន។ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មសម្តេចតេជោ បានស្នើឲ្យបង្កើនល្បឿនចរចាទៅលើការធ្វើពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។
លោកប្រធានាធិបតី បានលើកឡើងថា រដ្ឋាភិបាលចិននឹងលើកទឹកចិត្តឲ្យអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា និងនាំចូលផលិតផលពីកម្ពុជាចូលប្រទេសចិន។
លោកប្រធានាស្នើកម្ពុជា ធ្វើឲ្យបរិយាកាសវិនិយោគនៅកម្ពុជាបានកាន់តែល្អប្រសើរ ដែលគាំទ្រដល់ការវិនិយោគ និងធ្វើធុរកិច្ច។ លោកប្រធានាធិបតី ស្នើឲ្យពិនិត្យមើលតើអ្នកវិនិយោគចិនប្រឈមអ្វីខ្លះ ចំពោះការវិនិយោគនៅកម្ពុជា ដើម្បីរកវិធានការជួយដល់អ្នកវិនិយោគទាំងនោះ។
ចំពោះវីរុសកូរ៉ូណាវិញសម្តេចតេជោ បានគូសបញ្ជាក់ដែរថា ប្រទេសខ្លះហាក់បីដូចជាធ្វើសង្គ្រាមចិត្តសាស្ត្រ
ធ្វើឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ។
ប្រធានាធិបតី បានគូសបញ្ជាក់ថា បើរដ្ឋាភិបាលចិន មិនចាត់វិធានការភ្លាមៗ និងច្បាស់លាស់ទេ ជំងឺនេះអាចមានគ្រោះថ្នាក់ និងធ្ងន់ធ្ងរជាងនេះ។
លោកថា ដោយសារតែមានចំណាត់ការច្បាស់លាស់ និមានប្រសិទ្ធភាព ទើបធ្វើឲ្យការរីករាលដាលជំងឺនេះមានការថមថយ។ ប្រធានាធិបតី បានគូសបញ្ជាក់ទៀតថា ការភ័យខ្លាច គឺជាបញ្ហាដ៏ធំ តាមពិតអត្រាឆ្លងជំងឺនេះ មានកម្រិតទាបបំផុត ធៀបជាមួយជំងឺផ្សេងៗទៀត។ បើតាមប្រធានាធិបតី បានលើកឡើងថា តាមការស្រាវជ្រាវជំងឺនេះ អាចព្យាបាលបាន ហើយអ្នកជំងឺមួយចំនួនបានព្យាបាលឱ្យជាឡើងវិញ ហើយអ្នកខ្លះកំពុងមានសុខភាពល្អប្រសើរឡើងវិញផងដែរ។
លោកបានវាយតម្លៃថា ជំងឺនេះគ្រាន់តែជាជំងឺមួយស្ថិតក្នុងអន្តរកាលប៉ុណ្ណោះ។
លោកប្រធានាធិបតី បានផ្ញើនូវការថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ ដែលបានសព្វព្រះហឫទ័យរំលែកទុក្ខលំបាកជាមួយរដ្ឋាភិបាលចិន។ ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានសព្វព្រះរាជហឫរាជឧបត្ថម្ភថវិកា ១០ម៉ឺន និង៥ម៉ឺន ដុល្លារ សម្រាប់ជួយដល់ការលំបាករបស់ចិន៕