នយោបាយ

លោក សុខ ឥសាន ៖ EBA ជារឿងផ្សេង ឯសម រង្ស៊ី វិលមកស្រុកខ្មែរវិញ មិនអាចសម្រេចបានឡើយ

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា ថ្ងៃកំណត់ព្យួរប្រព័ន្ធអនុគ្រោះពន្ធលើទំនិញគ្រប់ប្រភេទ(EBA) នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះហើយកាន់តែខិតជិតមកដល់គឺជារឿងផ្សេង ចំណែកគម្រោងវិលមកស្រុកខ្មែររបស់ក្រុម លោក សម រង្ស៊ី មិនអាចសម្រេចបានឡើយ ដោយសារតែប្រជាពលរដ្ឋខ្មែរមិនស្វាគមន៍ ។

ថ្ងៃ១២ កុម្ភៈ ខាងមុខនេះ ជាពេលវេលាកំណត់របស់សហភាពអឺរ៉ុប (EU) ក្នុងការសម្រេចចិត្តជាចុងក្រោយ ត្រូវដកហូត ឬរក្សាទុក EBA នៅកម្ពុជាបន្ដទៀត? ។ ការប្រកាស ដក ឬបន្ត EBA របស់EU ប្រសិនបើរកឃើញការរំលោភ សិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅកម្ពុជា ។

ចំណែកក្រុមរបស់លោក សម រង្ស៊ី ក៏មានគម្រោងវិលចូលខ្មែរ នៅឆ្នាំ២០២០នេះ ដោយក្រុមរបស់លោកមិនបានកំណត់ ថ្ងៃណាច្បាស់ឡើយ។ ការវិលមកស្រុកខ្មែររបស់ ក្រុម សម រង្ស៊ី បានលើកឡើង ដើម្បីឲ្យ EU រក្សា EBA នៅកម្ពុជាបន្ដទៀត ។

លោក សុខ ឥសាន បានសរសេរសារក្នុងតេឡេក្រោមក្រុមអ្នកសារព័ត៌មាន នៅថ្ងៃ១០ កុម្ភៈ ថា ក្រុម សម រង្ស៊ី វិលមកស្រុកខ្មែរ នៅឆ្នាំ២០២០ នេះ ប្រជាជនខ្មែរមិនស្វាគមន៍ឡើយ។

លោកថា «រឿងEBA ជារឿងEBA ឯរឿងមាតុភូមិនិវត្តន៍ គឺជាមហិច្ឆតារបស់ក្រុមឧទ្ទាមក្រៅច្បាប់ (ក្រុម សម រង្ស៊ី) ដែលមិនអាចសម្រេចបាន»។

លោកបន្ដថា «ថ្ងៃកំណត់ព្យួរ EBA ជិតមកដល់មជ្ឈដ្ឋានប្រឆាំងកំពុងនាំគ្នាច្របូកច្របល់យ៉ាងខ្លាំង ដោយនិយាយដាក់គំនាបមកលើរាជរដ្ឋាភិបាល ឲ្យទទួលយកលក្ខខណ្ឌរបស់ EU»។

លោក សុខ ឥសាន ចំអកចំអន់ថា មាតុភូមិនិវត្តន៍ នឹងតភាគនៅឆ្នាំ២០២០ គឺជាមាតុភូមិនិវត្តន៍ភាគទី២ ដែលនឹងបន្តដោយមាតុភូមិនិវត្តន៍ភាគបន្តបន្ទាប់ទៀត ដែលគ្រាន់តែជាមាតុភូមិនិវត្តន៍ក្នុងរឿងប្រលោមលោកប៉ុណ្ណោះ ៕ ដោយ អេង ប៊ូឆេង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top