ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ពន្លឿនមន្ត្រីសុរិយោដី ចុះបញ្ជីក្បាលដីអោយបាន៦០.០០០ ក្បាលដី ក្នុងឆ្នាំ២០២០

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងជំរុញឱ្យមន្ត្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ធ្វើការពន្លឿនក្នុងភារកិច្ចចុះ បញ្ជីក្បាលដី អោយបាន ៦០.០០០ ក្បាលដី ក្នុងឆ្នាំ២០២០ ។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅរសៀលថ្ងៃទី ០២ ខែមីនាឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំស្ដីពី ការងារចុះបញ្ជីដីធ្លី រៀបចំដោយមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោលដីខេត្តកំពង់ចាម ។

លោកអភិបាលខេត្តបានថ្លែងថា ដោយ សាររាជរដ្ឋាភិបាល បានដាក់ផែនការបញ្ចប់វិវាទដីធ្លីនៅទូទាំងប្រទេស នៅឆ្នាំ ២០២១ ដែលក្នុងនោះ ក្នុងឆ្នាំ ២០២០ នៅក្របខណ្ឌទូទាំងប្រទេស នៅសល់ក្បាលដីប្រមាណជា ១២ លានក្បាលដីដែលត្រូវចុះបញ្ជី។ ទន្ទឹមនឹងនេះដែរ សម្រាប់ក្របខណ្ឌ ក្នុងខេត្តកំពង់ចាម ត្រូវសម្រេចការចុះបញ្ជីចំនួន ៦ ម៉ឺនក្បាលដី ក្នុងឆ្នាំ ២០២០ នេះ ។

លោកអភិបាលខេត្តបន្តថា សម្រាប់កិច្ចការចុះបញ្ជីក្បាលដីរបស់មន្ត្រី នៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោលដីខេត្ត រយៈពេល២ខែ ដើមឆ្នាំ ២០២០ នេះហាក់មានការយឺតយ៉ាវ ដោយហេតុថា ចំនួនក្បាលដី ដែលបានប្រមូលចុះបញ្ជី រយៈពេល ២ ខែនេះ បានចំនួនជាង ៥. ០០០ក្បាលដី និងបានចេញប័ណ្ណជាង ២.០០០ ក្បាលដីប៉ុណ្ណោះ ដែលលទ្ធផលនេះមិនបាន ១០ភាគរយទេ បើគិតពីផែនការ ៦០.០០០ ក្បាលដី សម្រាប់ឆ្នាំ ២០២០ នេះ។

ដោយមើលឃើញលទ្ធផលដូច្នេះ លោកអ៊ុន ចាន់ដា បានណែនាំ ដល់មន្ត្រីជំនាញសូរិយោដី ត្រូវពន្លឿនលើការងារចុះបញ្ជីក្បាលដី ឲ្យបានឆាប់រហ័ស ទាន់រដូវនេះមិនទាន់មានភ្លៀងធ្លាក់ ហើយមន្ត្រីបច្ចេកទេស អាចងាយស្រួលធ្វើការ ។

បញ្ហាប្រឈមមួយចំនួន ដែលធ្វើឲ្យមាន ការយឺតយ៉ាវនៅក្នុងការងារ ចុះបញ្ជីក្បាល ដីនេះ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយ កម្មសំណង់ និងសូរិយោដីខេត្តកំពង់ចាមលោកម៉ា ហូឌី បានថ្លែងឲ្យដឹងថា ទី១ ៖ ពាក់ព័ន្ធទៅនឹងការធ្វើសមាហរណកម្មមន្ត្រីរដ្ឋបាលក្រុង-ស្រុក មកក្នុងរចនា សម្ព័ន្ធថ្មី ទី២ ៖ ខ្វះការផ្ដល់ព័ត៌មាននិង ការចូលរួមសហការពីអាជ្ញាធរ ទី៣ ៖ ពាក់ព័ន្ធទៅនឹងនីតិវិធី ដូចជាការបង់ពន្ធប្រថាប់ត្រាជាដើម ។

ប៉ុន្តែយ៉ាងណាក៏ដោយ ដើម្បីពន្លឿន ក្នុងកិច្ចការចុះបញ្ជីក្បាលដីនេះ លោកអភិបាលខេត្ត បានណែនាំ ដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នា សម្រួលដល់កិច្ចការនេះ ធ្វើយ៉ាងណា បង្កើនល្បឿន ក្នុងការចុះបញ្ជីក្បាលដី ឲ្យបានគ្រប់ចំនួនទៅតាមផែនការដែលបានដាក់ចុះនៅក្នុងឆ្នាំ ២០២០នេះ ៕

To Top