ព័ត៌មានជាតិ

សម្តេចតេជោ អបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២២ ឆ្នាំ២០២០

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចូលរួមអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា ព្រោះជាទិវាដ៏សំខាន់មួយ របស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀបចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាល របស់បុព្វបុរស ដែលបានបន្សល់ទុកមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដល់កូនចៅជំនាន់ក្រោយ។

សម្តេចលើកឡើង ក្នុងហ្វេសប៊ុកនៅព្រឹក៣ មីនា ថា ការប្រារព្ធវប្បធម៌ជាតិ ជាការជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាក្រើនរំលឹក បំផុសស្មារតី ស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់។

ក្នុងនោះ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ត្រូវមានកាតព្វកិច្ចថែរក្សាការពារ ឲ្យសិ្ថតស្ថេរគង់វង្ស នូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះ នៃសហគមន៍ជាតិនៅកម្ពុជា ដើម្បីសំដៅរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ៕

To Top