ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានរៀបចំការផ្សព្វផ្សាយវិធានការទាំង ៧ចំណុច របស់រាជរដ្ឋាភិបាលជុំវិញដំណោះស្រាយគាំទ្រវិស័យទេសចរណ៍ ជូនដល់បុគ្គលិក និយោជិត ប្រតិបត្តិករទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប ដែលរងផលប៉ះពាល់ដល់ការងារ និងមុខរបររបស់ខ្លួន ក្នុងដំណាក់កាលកើតមានវិបត្តិជំងឺ Covid-19 ដែលបណ្ដាលឱ្យភ្ញៀវទេសចរនៅកម្ពុជា ក៏ដូចជានៅលើពិភពលោកមានការធ្លាក់ចុះ។
តាមបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ បានឱ្យនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ឱ្យដឹងថា ពិធីផ្សព្វផ្សាយវិធានការខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសណ្ឋាគាររីជេនស៊ីអង្គរ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ដើម្បីឱ្យបុគ្គលិក និយោជិត ប្រតិបត្តិករទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប បានយល់ច្បាស់ពីសភាពការណ៍ពិតជាក់ស្ដែងជុំវិញបញ្ហាជំងឺ Covid-19 ដែលកម្ពុជាមិនទាន់ករណីឆ្លងជំងឺនេះទៀតនោះឡើយ បន្ទាប់ពីកើតមានលើភ្ញៀវទេសចរចិនតែម្នាក់គត់ (ត្រូវបានព្យាលបាលជាសះស្បើយដោយជោគជ័យ) ព្រមទាំងលើកទឹកចិត្តឱ្យពួកគេខិតខំបំប៉នសមត្ថភាពក្នុងកាលៈទេសៈនេះ កុំមានការព្រួយភ័យពីការបាត់បង់ការងារ និងមុខរបររបស់ខ្លួន។
លោក រដ្ឋមន្ត្រី ថោង ខុន បានអាននិងពន្យល់វិធានការរបស់រាជរដ្ឋាភិបាលទាំង៧ ចំណុចនោះ ដូចតទៅ៖
*ទី១៖ លើកលែងនូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់ (រដ្ឋទទួលបន្ទុកពន្ធជំនួស) ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប សម្រាប់រយៈពេលបួនខែ ដោយគិតចាប់ខែកុម្ភៈរហូតដល់ខែឧសភា ឆ្នាំ២០២០។ អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធ-អាករ និងប្រើប្រាស់ប្រព័ន្ធអនឡានសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។
*ទី២៖ មិនធ្វើសវនកម្មពេញលេញសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២០ ចំពោះសហគ្រាសក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប។
*ទី៣៖ ធ្វើវិចារណកម្មថវិកាជាតិឆ្នាំ២០២០ ទាំងចំណាយចរន្ត និងចំណាយវិនិយោគ ពិសេសកាត់បន្ថយការធ្វើដំណើរចូលរួមក្នុងកិច្ចប្រជុំនៅក្រៅប្រទេស ដោយគ្រប់ក្រសួង -ស្ថាប័នរបស់រាជរដ្ឋាភិបាល និងចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុកឲ្យទៅជាចលនាជាតិធំទូលាយ តាមរយៈការជំរុញ នូវការធ្វើសិក្ខាសាលា កិច្ចប្រជុំ វគ្គបណ្តុះបណ្តាលខ្លីៗ និងកម្មវិធីផ្សេងៗទៀត រៀបចំដោយគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន ស្ថានទូត អង្គការមិនមែនរដ្ឋាភិបាលឲ្យទៅធ្វើនៅតាមខេត្តសំខាន់ៗ ពិសេសគឺខេត្តសៀមរាប។
*ទី៤៖ បង្កើនប្រសិទ្ធភាពនៃការធ្វើដំណើររួមគ្នាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាពិសេសជាមួយប្រទេសជិតខាង (បាងកក-សៀមរាប និង ហូជីមិញ-សៀមរាប) ពិសេសតាមរយៈរថយន្តក្រុង ឬរថយន្តផ្ទាល់ខ្លួន ដោយធ្វើការសម្របសម្រួលដោះស្រាយប្រកប ដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅកន្លែងទទួលសេវាកម្មឆ្លងកាត់ព្រំដែន និងបញ្ហាពាក់ព័ន្ធដទៃទៀត។
*ទី៥៖ ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការរៀបចំសកម្មភាព និងព្រឹត្តិការណ៍ទាក់ទាញផ្សេងៗនៅក្នុងខេត្តសៀមរាប ដូចជា អង្គរសង្រ្កាន្ត (២០២០) ពិធីបុណ្យប្រពៃណី សាសនា កម្មវិធីប្រកួតកីឡា ការប្រគុំតន្រ្តី ការបញ្ចាំងភាពយន្ត និងការបង្ហាញម៉ូដសម្លៀកបំពាក់ជាដើម សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ។
*ទី៦៖ រក្សាថ្លៃសំបុត្រចូលទស្សនាតំបន់អង្គរឲ្យនៅដដែល ប៉ុន្តែបន្ថែមចំនួនថ្ងៃសម្រាប់ប្រភេទសំបុត្រនីមួយៗ សំបុត្រសម្រាប់ ១ថ្ងៃ អាចចូលមើលបាន ២ថ្ងៃ សំបុត្រសម្រាប់ ៣ថ្ងៃ អាចចូលមើលបាន ៥ថ្ងៃ និងសំបុត្រសម្រាប់ ៧ថ្ងៃ អាចចូលមើលបាន ១០ថ្ងៃ ដើម្បីទាក់ទាញទេសចរឲ្យស្នាក់នៅបន្ថែមនៅកម្ពុជា។
*ទី៧៖ ក្រសួងទេសចរណ៍នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលដល់កម្មករ-និយោជិត ដែលបាត់បង់ការងារនៅក្នុងវិស័យទេសចរណ៍ (បុគ្គលិកបម្រើការ នៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងភ្នាក់ងារទេសចរណ៍) តាមរយៈការរៀបចំឲ្យមាននូវវគ្គបណ្តុះបណ្តាលនៃមុខវិជ្ជាចំណេះដឹងថ្មី (Re-skilling) ឬការបង្កើនចំណេះដឹងបន្ថែម (Upskilling) និងការផ្តល់នូវប្រាក់ខែសមរម្យ។ចំណុចនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្ត អោយ មគ្គុទេសក៍ ទេសចរណ៍ យើងចូលរួម ឧទ្ទសនាមដល់ក្រុមភ្ញៀវទេសចរ ក្នុងស្រុក អោយបានល្អ ដែលការងារនេះមគ្គុទេសក៏ ទេសចរយើង នឹងទទួលបានកម្រៃសមរម្យ ផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន បានលើកជាគំនិតយោបល់ថា ក្នុងពេលមិនសូវមានភ្ញៀវទេសចរដូចនេះ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ដែល ចង់ជួសជុលទីតាំងរបស់ខ្លួន អាចឆ្លៀតពេលនេះអនុវត្តផែនការរបស់ខ្លួន លុះដល់នៅពេលមាន ភ្ញៀវទេសចរច្រើនមកវិញ កន្លែងរបស់ពួកគេត្រូវ បានរៀបរយហើយស្រេច។
លោកបានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធខាងលើកុំមានការអស់សង្ឃឹម ឬភ័យព្រួយថាខ្លាចបាត់បង់ការងារ និងមុខរបររបស់ខ្លួនដោយសារតែមានវិបត្តិជំងឺ Covid-19 នេះ ហើយសូមជឿជាក់ និងចូលរួមអនុវត្តវិធានការទាំង ៧ចំណុច មួយរាជរដ្ឋាភិបាល ដើម្បីសាមគ្គីគ្នាជម្នះឧបសគ្គនេះឱ្យបាន។

ពិសេសលើសពីនេះ លោករដ្ឋមន្រ្តី បានអំពាវនាវយ៉ាងទទួចដល់បុគ្គលិក និយោជិត ប្រតិបត្តិករទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ទាំងនៅខេត្តសៀមរាប ក៏ដូចជានៅទូទាំងប្រទេស សូមកុំចូលរួមផ្សព្វផ្សាយ ឬចែកចាយព័ត៌មានបំភ្លៃបំភ្លើសមិនពិតពាក់ព័ន្ធនឹងជំងឺ Covid-19 នេះតទៅទៀត ពីព្រោះវាមិនបានធ្វើឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិ ទទួលបានផលចំណេញអ្វីឡើយ ផ្ទុយទៅវិញវារឹតតែបង្កការភ័យខ្លាច ដល់ប្រជាពលរដ្ឋ ខណៈហេតុការណ៍ឆ្លងជំងឺ នៅក្នុងប្រទេសកម្ពុជាមិនបានកើតមាន ពិតជាក់ស្ដែងនោះឡើយ។
ជាមួយវិធានការទាំង៧ចំណុច អ្នកស្រី ស៊ីវ ឆាយលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ថា CATA ក្រៅពីសម្តែងការអបអរសាទរ លោកស្រី ជឿវិធានការនោះ គ្រាន់តែជួយបានខ្លះតែប៉ុណ្ណោះ។ “ជួយខ្លះ” លោកស្រី សំដៅទៅលើ ការធានាបានថា អាជីវកម្មទេសចរណ៍ នៅខេត្តសៀមរាប នឹងរក្សាបានលំនឹងរបស់ខ្លួនខ្លះ មិនប្រឈមមុខខ្លាំងទៅនឹងការបិទអាជីវកម្ម។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឆាយលីន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃអង្គារនេះ។

លោកប្រធានCATA ថ្លែងថា “យើងចង់ឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីសម្រេចបាននូវវិធានការទាំង៧ចំណុចនេះ” ។
អ្នកស្រី Jenny Sok នាយិកាគ្រប់គ្រងផ្នែកលក់ នៃក្រុមហ៊ុនសណ្ឋាគារ និងភោជនីយដ្ឋាន Sild Group បានសាទរចំពោះវិធានការទាំង៧ចំណុចខាងលើ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល អ្នកស្រី Jenny Sok បានលើកឡើងថា “ខ្ញុំសប្បាយចិត្តនៅពេលដែលឯកឧត្តមរដ្ឋមន្រ្តី រៀនចំឱ្យមានព្រឹត្តិការណ៍ទេសចរណ៍ធំៗបន្ថែមទៀតនៅក្នុងខេត្តសៀមរាប ព្រោះកន្លងមកខេត្តសៀម មិនសូវសំបូរព្រឹត្តិការណ៍ធំៗប៉ុន្មានទេ”។
ខេត្តសៀមរាប ដែលជាប៉ូលទេសចរណ៍ធំៗជាងគេខាងប្រាសាទបុរាណ កំពុងជួបប្រទះការធ្លាក់ចុះភ្ញៀវទេសចរជាតិនិងអន្តរជាតិ នារយៈពេល២ឆ្នាំចុងក្រោយនេះ៕

