ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយស្នើអោយប្រជាពលរដ្ឋទាំងអស់ រក្សាភាពស្ងប់ស្ងាត់ ប្រកបមុខរបរ ចិញ្ចឹមជីវិត ដូចប្រក្រតី និងមិនជ្រួលច្របល់ តាមពាក្យចចាមអារ៉ាមឡើយ ដោយអោយអនុវត្តតាមវិធីបង្ការ ដែលណែនាំ ដោយក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។
យោងតាមសេចក្តីជូនដំណឹង មានខ្លឹមសារថា “រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញទាំងអស់ អោយបានជ្រាបថា បច្ចុប្បន្ន វីរុសកូវីដ-១៩ (Covid-19) កំពុងរាតត្បាត នៅទូទាំងពិភពលោក ដោយឡែកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពុំទាន់មានប្រជាជនខ្មែរណាម្នាក់ បានឆ្លងវីរុសនេះនៅឡើយទេ ។ ទន្ទឹមនេះ ក្រសួងសុខាភិបាលក៏កំពងត្រៀមលក្ខណៈទប់ស្កាត់ការចម្លង និងការរីករាលដាល នៃវីរុសកូវីដ១៩ ប្រភេទថ្មីនេះដែរ” ។
ប្រភពដដែលបន្តថា “រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ បានសំរុក ទៅទិញទំនិញស្តុកទុក ជាពិសេសស្បៀងអាហារប្រចាំថ្ងៃ ដែលជាហេតុធ្វើអោយជនឱកាសនិយម ឆ្លៀតដំឡើងថ្លៃទំនិញ ខណៈដែលស្បៀងអាហារបំរុង នៅក្នុងរាជធានីភ្នំពេញ ពុំបានប្រឈម នឹងការខ្វះខាតនោះទេ ។ លើសពីនេះទៅទៀត ដូចបងប្អូនប្រជាពលរដ្ឋជ្រាប់ស្រាប់ថា ព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្ថិភាព យើងបានផលិតស្បៀងលើសពីការបំរុង រហូតដល់នាំចេញ ទៅបរទេសទៀតផង ។
ដូចនេះ ដើម្បីរក្សាសណ្តាប់ធ្នាប់ ស្ថិរភាពទំនិញ និងចៀងវាងជនឱកាសនិយមឆ្លៀតដំឡើងថ្លៃ ផលិតផលស្បៀង រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ រក្សាភាពស្ងប់ស្ងាត់ ប្រកបមុខរបរ ចិញ្ចឹមជីវិតដូចប្រក្រតី និងមិនជ្រួលច្របល់ តាមពាក្យចរាមអារ៉ាមឡើយ ហើយអនុវត្តតាមវិធីបង្ការ ដែលណែនាំ ដោយក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ ដារាត់