ព័ត៌មានជាតិ

អ្នកបើកបរយានយន្ដ ដឹកកម្មករ និងកម្មករកម្មការិនី ១៥០នាក់ នៅរោងចក្រ CAN SPORT SHOES CO.,LTD ចូលរួមស្វែងយល់ច្បាប់ ស្តីពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក

កំពង់ឆ្នាំង៖ ដោយមើលឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តកើតមានឡើង លើកម្មករនិយោជិត នៅពេលធ្វើដំណើរ ដោយមធ្យោបាយផ្សេងៗ ក្នុងនោះការធ្វើដំណើរ តាមរថយន្តដឹកកម្មករ និយោជិត ក៏ជាផ្នែកមួយ ដែលបង្កគ្រោះថ្នាក់ ដល់កម្មករនិយោជិត ជាបន្តបន្ទាប់ផងដែរនោះ បេឡាជាតិរបបសន្តិសុខសង្គម បានចុះផ្សព្វផ្សាយ អប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនអ្នកបើកបរយានយន្ត ដឹកកម្មករនិយោជិត។

លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជានាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសមាជិកគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃ ប.ស.ស. បានចាត់តាំងក្រុមការងារ ចុះផ្សព្វផ្សាយអប់រំច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងបិទស្ទីកគ័រចំណាំងផ្លាត កំណត់ល្បឿន ព្រមទាំងបិទស្ទីកគ័ររថយន្ត ដឹកកម្មករនិយោជិត ជូនអ្នកបើកបរយានយន្ត ដឹកកម្មករនិយោជិត។

កន្លងមក ប.ស.ស. បានសហការជាមួយ អគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន យ៉ាងស្អិតរមួត ព្រមទាំងបាន ចុះបណ្តុះបណ្តាលច្បាប់ ស្តីពីចរាចរណ៍ ផ្លូវគោក និងប្រឡងផ្តល់បណ្ណបើកបរ ជូនដល់បងប្អូន អ្នកបើកបរ ដឹកកម្មករនិយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសនានា ចំនួនអ្នកបើកបរ ដែលមានបណ្ណបើកបរ មិនស្របតាមប្រភេទយានយន្ត និងអ្នកគ្មានបណ្ណបើកបរ មានការថយចុះ គួរជាទីមោទនៈ ដើម្បីលើកកម្ពស់ការយល់ដឹង របស់បងប្អូន អ្នកបើកបរយានយន្ត ដឹកកម្មករនិយោជិត និងកាត់បន្ថយទាំងពេលវេលា ថវិការបស់បងប្អូនអ្នកបើកបរ ក្នុងការធ្វើដំណើរទៅរៀន និងប្រឡងយកបណ្ណបើកបរផងដែរ។

ពិធីផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលទប់ស្កាត់ និងកាត់បន្ថយករណី គ្រោះថ្នាក់ចរាចរណ៍ និងស្វែងយល់បន្ថែម ពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពចរាចរណ៍ លើមធ្យោបាយដឹកជញ្ជូន បិទស្ទីកគ័រចំណាំងផ្លាត កំណត់ល្បឿន និងបិទស្ទីកគ័រ រថយន្តដឹកកម្មករនិយោជិត ក្នុងគោលបំណងធានា ដល់សុវត្ថិភាព ក្នុងការធ្វើដំណើរ របស់កម្មករនិយោជិត។

សូមបញ្ជាក់ថា ការប្រជុំផ្សព្វផ្សាយខាងលើ ប្រព្រឹត្តនាព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅរោងចក្រ CAN SPORT SHOES CO.,LTD ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ព្រមទាំងមានចូលរួម ពីតំណាង ស្ថាប័ន មន្ទីរ តំណាងរោងចក្រ អង្គភាពពាក់ព័ន្ធនានា និងបងប្អូនអ្នកបើកបរ រថយន្តដឹកកម្មករនិយោជិត និងកម្មករកម្មការិនី សរុបចំនួន ១៥០នាក់៕

To Top