ព័ត៌មានជាតិ

ជប៉ុន បន្ដផ្ដល់ជំនួយឥតសំណង ជាង ៣១ម៉ឺនដុល្លារ សម្រាប់គម្រោង៤ នៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន ឯកភាពផ្ដល់ថវិកា ចំនួន៣១២,៤១៧ដុល្លារ ដល់អង្គភាព ចំនួន៤ ក្រោមគ្រោងការណ៍ ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្ដិសុខមនុស្សជាតិ (ជំនួយគូសាណូណិ)។

គម្រោងទាំង៤នៅកម្ពុជា រួមមាន ៖ គម្រោងសាងសង់អាគារសម្ភព ក្នុងមណ្ឌលសុខភាពកំពង់ល្ពៅ ខេត្តបាត់ដំបង ថវិកា៨៥,៧៩៩ដុល្លារ ,ទី២-គម្រោងសាងសង់ មណ្ឌលសុខភាពល្បាំងមួយ ក្នុងខេត្តរតនគិរី ថវិកា៩០,៥១៨ដុល្លារ ,ទី៣-គម្រោងស្តារឡើងវិញ នូវប្រព័ន្ធធារាសាស្ដ្រពញាលាង ខេត្តព្រៃវែង ថវិកា៨៨,៣៧០ដុល្លារ និងទី៤-គម្រោងតម្លើងឧបករណ៍នៅ ស.រ.ស.អ ដើម្បីផ្ដល់ភាពងាយស្រួល ដល់ជនមានពិការភាពរាងកាយនៅកម្ពុជា ថវិកា៤៧,៧៣០ដុល្លារ ។

ក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្ដល់ជំនួយ សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្ដិសុខមនុស្សជាតិ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅស្ថានទូតជប៉ុន ប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា មានប្រសាសន៍ថា «យើងមានសេចក្ដីសោមនស្សរីករាយ ដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ ក្នុងការលើកកម្ពស់គុណភាព នៃជីវភាពនៅកម្រិតមូលដ្ឋាន ក្នុងប្រទេសកម្ពុជា»។

លោកសង្កេតឃើញថា នាពេលថ្មីៗនេះ កម្ពុជាបាននិងកំពុងមានការអភិវឌ្ឍ យ៉ាងឆាប់រហ័ស ។ ទោះបីជាយ៉ាងណាក៏ដោយ លោក ទទួលស្គាល់ថា នៅកម្ពុជាមានបញ្ហា ប្រឈមមួយចំនួន ដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពជីវភាព របស់ប្រជាជន ហើយប្រទេសជប៉ុន នឹងបន្ដចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហា ប្រឈមទាំងនោះ តាមរយៈក្របខណ្ឌសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ ។

សូមរំលឹកថា រដ្ឋាភិបាលជប៉ុន បាននិងកំពុងអនុវត្តកម្មវិធី KUSANONE នៅកម្ពុជា ចាប់ពីតាំងពីឆ្នាំ១៩៩១ ដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ក្នុងការអនុវត្តគម្រោង របស់ពួកគាត់។ KUSANONE មានន័យថា «មូលដ្ឋាន» ក្នុងភាសាជប៉ុន ហើយរហូតដល់ពេលនេះ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានផ្ដល់ជំនួនច្រើនជាង ៦០០គម្រោង តាមរយៈជំនួយ KUSANONE ៕ ដោយ ៖ អេង ប៊ូឆេង

To Top