ព័ត៌មានជាតិ

អ្នកនាំពាក្យបដិសេដទាំងស្រុង ចំពោះសារសំឡេងថា អាជ្ញាធរគ្រោងបិទរាជធានីភ្នំពេញ ខណៈសមត្ថកិច្ចកំពុងតាម រកម្ចាស់ដើមសំឡេង

ភ្នំពេញ៖ ឆ្លើយតបនឹងសំឡេងសារ ដែលត្រូវបានចែកចាយ តាមបណ្តាញសង្គម កាលពីពេលថ្មីៗនេះថា អាជ្ញាធរគ្រោងនឹងបិទរាជធានីភ្នំពេញ ដើម្បីបង្ការ និងការពារការរីករាលដាល ជំងឺកូវីដ-១៩នោះ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ធ្វើការបដិសេដទាំងស្រុង និងកំពុងធ្វើការស៊ើបអង្កេត ក៏ដូចជាស្វែងរក ម្ចាស់ដើមសំឡេងផងដែរ ។

ប្រតិកម្មឆ្លើយតបរបស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងបន្ទាប់ពីមានការ ចែកចាយសំឡេងមួយ ដែលជនអនាមិក ផ្ញើទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គម ដោយប្រាប់ថា អាជ្ញាធរគ្រោងបិទរាជធានីភ្នំពេញ ហើយសារសំឡេងនេះ ត្រូវបានចែកចាយជាបន្តបន្ទាប់ ។

លោកម៉េត មាសភក្តី បានបញ្ជាក់ មកកាន់អ្នកសារព័ត៌មានថា “ព័ត៌មានដែលថា នឹងបិទភ្នំពេញ ជាព័ត៌មានក្លែងក្លាយសុទ្ធសាធ សូមបងប្អូនមេត្តាកុំជឿ និងកុំ forward (ចែកចាយ) សារសំឡេងនេះបន្តទៀត នាំមានការយល់ច្រឡំ”។

ជាមួយនឹងការប្រកាស បដិសេធលើព័ត៌មាននេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងដែរថា អាជ្ញាធរកំពុងស្រាវជ្រាវ ស្វែងរកម្ចាស់សំឡេង ដែលថតជាសារនេះ ដើម្បីចាត់វិធានការតាមច្បាប់ ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ឱ្យជួយផ្ដល់ព័ត៌មាន ដើម្បីឈានទៅរកម្ចាស់សំឡេងនោះ ដោយអាជ្ញាធរ នឹងមានរង្វាន់លើកទឹកចិត្ត៕

ដោយ៖ ដារ៉ាត់

To Top