ភ្នំពេញ៖ ស្របពេលដែលកម្ពុជា កំពុងតែរាតត្បាត ដោយជំងឺកូវីដ១៩នោះ ក្រុមហ៊ុនផលិតថ្នាំពេទ្យរុស្ស៊ីមួយ មានបំណងចង់ផ្ដល់ថ្នាំសង្កូវ និងសម្ភារៈបច្ចេកទេស ដល់កម្ពុជា ដើម្បីជាការរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាល នៃជំងឺកូវីដ១៩ ។ នេះបើតាមការបញ្ជាក់ របស់លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី ចប់អាណត្តិប្រចាំកម្ពុជា ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក Dmitry Tsvetkov នាព្រឹកថ្ងៃទី២៧ មីនានេះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា ក្នុងជំនួបនេះភាគីទាំងពីរពិភាក្សាគ្នា ពីឥទ្ធិពលនៃជំងឺកូវីដ១៩ ដែលកំពុងតែគំរាមកំហែងជាសកល មិនមែនសម្រាប់តែប្រទេសណាមួយនោះទេ ដូច្នេះត្រូវរួមសាមគ្គីគ្នា ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ។
លោក កុយ គួង បញ្ជាក់ថា «លោកទូតបានជម្រាបប្រាប់ទៅ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថា មានក្រុមហ៊ុនផលិតថ្នាំពេទ្យរុស្ស៊ីមួយ បានទាក់ទងមកគាត់ថា គាត់មានបំណងផ្ដល់នូវ ថ្នាំសង្កូវ និងសម្ភារៈបច្ចេកទេស មកកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដើម្បីទប់ទល់នឹងការរីករាលដាល នៃជំងឺកូវីដ១៩» ។
លោកបន្ថែមថា ក្រុមហ៊ុននេះក៏ធ្លាប់បាន ផ្ដល់សម្ភារៈបច្ចេកទេស ទៅប្រទេសអ៊ីតាលី ជាពិសេសមានបំណងចង់ផ្ដល់ជំនួយ ទាំងនេះមកកម្ពុជា ក្នុងពេលដែលប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ១៩ ។
សូមរំលឹកថា គិតត្រឹមយប់ថ្ងៃទី២៦ មីនា ក្រសួងសុខាភិបាលកម្ពុជា រកឃើអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៩៨ករណី (ស្រី២៥នាក់ ប្រុស៧៣នាក់) ក្នុងនោះមានចំនួន ១១នាក់ បានជាសះស្បើយ ៕
ដោយ៖ ខា ដា