ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះត្រួតពិនិត្យសោភ័ណ្ឌភាព និងរៀបចំកែលម្អ បរិស្ថាន លើកំណាត់ ផ្លូវជាតិលេខ៦ និងលេខ៧

កំពង់ចាម ៖ ដើម្បីរក្សានូវសោភ័ណភាព នៅទីក្រុង ទីប្រជុំជន និងរក្សាបានសុវត្ថិភាព តាមដងផ្លូវសាធារណនៅទូទាំងខេត្ត លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ត្រួតពិនិត្យសោភ័ណ្ឌភាព និងរៀបចំកែលម្អបរិស្ថានលើកំណាត់ផ្លូវជាតិលេខ៦ និងលេខ៧ ពីចំណុចស្ពានទី២៤ ព្រំទល់ខេត្តកណ្តាល មកដល់ចំណុចស្ពានគីហ្ស៊ូណា ព្រំប្រទល់ខេត្តត្បូងឃ្មុំ។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឳ្យដឹងថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិក្នុងការធ្វើដំណើរឆ្លងកាត់ ឬក៏ទស្សនាកម្សាន្ត តំបន់រមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានដឹកនាំប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ចុះត្រួតពិនត្យតាមដងផ្លូវជាតិសំខាន់ៗ លេខ៦ និងលេខ៧ ពោលគឺក្នុងគោលបំណងរៀបចំធ្វើយ៉ាងណាឳ្យកំណាត់ផ្លូវជាតិសំខាន់ទាំងពីរនេះ មានសោភ័ណ្ឌភាព និងមានលក្ខណ:ធំទូលាយផងដែរ។

មន្ត្រីដដែលបានបញ្ជាក់ថា ក្នុងការចុះពិត្យនេះ ប្រសិនបើឃើញថា ផ្លូវកន្លែងទីប្រជុំណាមានការលក់ដូរហៀរលើចិញ្ចើមថ្នល់ អាជ្ញាធរនិងរៀបចំសណ្តាប់ធ្នាប់ឳ្យខិត ចូលជ្រៅ គឺជៀសវាងការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរជាដើម។

មន្ត្រីដដែលបានបន្តថា ក្រោយពីការត្រួតពិនិត្យជាក់ស្តែង លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានដាក់ផែនការឳ្យអភិបាលស្រុក-ក្រុង ដែលនៅជាប់ដងផ្លូវជាតិលេខ៦ និងលេខ៧ ត្រួតពិនិត្យជាប្រចាំ ពីព្រំប្រទល់ខេត្តកណ្តាល ស្រុកបាធាយ ដល់ព្រំប្រទល់ខេត្តត្បូងឃ្មុំ ស្ពានគី ហ្ស៊ូណា ក្នុងក្រុងកំពង់ចាម ដើម្បីអនុវត្តលើការងារនេះឱ្យមានប្រសិទ្ធភាព។

To Top