ព័ត៌មានជាតិ

សម្ដេច ស ខេង ផ្ញើសារចូលរួមរំលែក មរណទុក្ខ ជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារចូលរួមរំលែកមរណទុក្ខ ជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ។

យោងតាម លិខិត រំលែក ទុក្ខ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ សម្ដេច ក្រឡា ហោម ស ខេង បានលេីកឡេីងថា «ក្នុងទិវាប្រកបដោយសមានទុក្ខ និងសេចក្ដីសោកសង្រេងជាទីបំផុត រកអ្វីប្រៀបផ្ទឹមពុំបាននាពេលនេះ សម្តេច និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ មានសេចក្ដីក្តុកក្តួល និងសោកស្តាយឥតឧបមា សូមអនុញ្ញាចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំ ចំពោះមរណភាព របស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក និងមាតាបង្កើតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីវេលាម៉ោង ០២:១២ នាទីទៀបភ្លឺ ថ្ងៃចន្ទ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ»។

សម្ដេចបន្ដថា «ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សូមអនុញ្ញាតចូលរួមចែករំលែកនូវមរណទុក្ខដ៏សែនក្រៀមកំនេះ ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងសូម ឧទ្ទិសបួងសួងជូនដួងវញ្ញាណក្ខន្ធរបស់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន សាងលី សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕

To Top