ភ្នំពេញ ៖ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានផ្ដាំផ្ញើពួកអ្នករិះគន់ស្រុកខ្មែរថា កុំប្រើពាក្យ «វាឆ្កួតតែស្រុកខ្មែរ» ព្រោះទឹកដីខ្មែរ ផ្តល់កំណើតដល់កូនខ្មែរ ជនជាតិខ្មែរ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បាន ឲ្យដឹងថា នៅក្នុងច្បាប់ចរាចរណ៍ បានចែងតាំងពីឆ្នាំ២០១៥ អំពី ការអនុញ្ញាតឲ្យប្រើប្រាស់ភ្លើងពេលថ្ងៃ ។ហើយកុំចោទថា កម្ពុជាដើរមិនទាន់គេ។
លោករដ្ឋមន្រ្តី មានប្រសាសន៍ថា «ហើយមេត្តាសូមកុំប្រើពាក្យ «វាឆ្កួតតែស្រុកខ្មែរ» ស្រុកខ្មែរសំដៅប្រទេសខ្មែរ ប្រទេសកម្ពុជា ទឹកដីផ្តល់កំណើតដល់កូនខ្មែរ ជនជាតិខ្មែរ ទឹកដីផ្តល់កំណើតដល់បងប្រុស ផ្តល់កំណើតដល់បុព្វការីជន ដល់ឪពុកម្តាយ របស់បងប្រុស»។
លោកបន្ដថា កុំមើលងាយទីកន្លែងដែលផ្តល់កំណើត ផ្តល់អ្វីៗឲ្យយើង មើលងាយ ទីកន្លែងកំណើតខ្លួនឯង គឺដូចជាមើលងាយខ្លួនឯង មើលងាយក្រុមគ្រួសារខ្លួនឯង។
លោកបន្ថែមថា ក្នុងនាមជាកូនខ្មែរ គួរតែព្យាយាម និងធ្វើ ឬគិតយ៉ាងណា ធ្វើឲ្យប្រទេសខ្មែរ ជាតិខ្មែរ រីកចម្រើន រិះគន់ដើម្បីស្ថាបនា ជាជាងរិះគន់ដើម្បីជាន់ពន្លិច។កុំសួរថា តើប្រទេសជាតិ បានធ្វើអ្វីខ្លះចំពោះអ្នក តែត្រូវសួរខ្លួនឯងវិញថា តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីប្រទេសជាតិរបស់ខ្លួន ឲ្យបានរីកចម្រើន ដូចប្រទេសគេ៕
ដោយ ៖ អេង ប៊ូឆេង

