ព័ត៌មានជាតិ

រាជធានីភ្នំពេញ នឹងមានចំណត យានយន្ដដ៏ទំនើប, ចំណាយទឹកប្រាក់ ១៦០លានដុល្លារ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបជាមួយ តំណាងក្រុមហ៊ុន China Good Cars Holding Ltd;. ដើម្បីពិភាក្សាលើ គម្រោង ស្នើសុំវិនិយោគលើវិស័យដឹកជញ្ជូនសាធារណៈនៅកម្ពុជា ដែលមានទឹកប្រាក់សរុប ប្រមាណ ១៦០លានដុល្លារ។

ក្នុងជំហានដំបូង ក្រុមហ៊ុន ស្នើសុំវិនិយោគសាងសង់ស្ថានីយ ចំណតយានយន្តធុនធំទំនើប នៅជាយរាជធានីភ្នំពេញ ដើម្បីរំដោះចរាចរណ៍ដ៏មមាញឹក ពីចំណុចកណ្តាលរាជធានី ព្រមទាំង វិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈ តាមរថយន្តក្រុងលើបណ្តាញផ្លូវជាតិ ដើម្បីតភ្ជាប់ ទៅតំបន់ក្រៅក្រុង និងទៅបណ្តាខេត្តនានា នៅជិតៗ រាជធានីភ្នំពេញ។

លោក ស៊ុន ចាន់ថុល ស្វាគមន៍ និងគាំទ្រគម្រោងនេះ ដោយផ្តល់អនុសាសន៍ឲ្យក្រុមហ៊ុន សហការជាមួយ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សិក្សាលើលក្ខណៈបច្ចេកទេសឲ្យ បានល្អិតល្អន់ និងសុំឲ្យក្រុមហ៊ុន ដាក់ពាក្យស្នើសុំវិនិយោគ ទៅច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចទទួលបានភាពអនុគ្រោះនានា ស្របទៅតាមច្បាប់ វិនិយោគនៅកម្ពុជា៕

ដោយ ៖ អេង ប៊ូឆេង

To Top